រដ្ឋមន្ត្រីការបរទេស​កម្ពុជា : ទោះបី​ជាមាន​បញ្ហាលំបាក​ខ្លះៗ​ក៏ដោយ​កម្ពុជា​តែង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង ជាមួយ​អាមេរិក​ដែល​កំពុង​ស្ថិតនៅលើ​គន្លង​ត្រឹមត្រូវ​

ភ្នំពេញៈ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​មួយ​បានកើត​ឡើង​រវាង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ជាមួយ ឯកឧត្តម Derek Chollet ទីប្រឹក្សា​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញ។​

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ជា(រូបថតឯកសារ)

​ប្រភព​ក្រសួងការបរទេស​បាន​បញ្ជាក់ថា ក្នុងជំនួប​នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​បញ្ជាក់ជូន​គូសន្ទនា​ថា បើទោះបី​ជាមាន​បញ្ហាលំបាក​ខ្លះៗ​ក៏ដោយ កម្ពុជា​តែង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក​ដែល​កំពុង ស្ថិតនៅលើ​គន្លង​ត្រឹមត្រូវ និង​រីកចម្រើន​លូតលាស់​លើ​វិស័យ​ជាច្រើន​រួមមាន ពាណិជ្ជកម្ម​និង​វិនិយោគ សុខាភិបាល កសិកម្ម វប្បធម៌ ការដោះមីន បេសកកម្ម​ថែរក្សា​សន្តិភាព ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុងពេល​សង្គ្រាម ការធ្វើ​មាតុភូមិ​និវត្តជន​ជាតិខ្មែរ​ពី​សហរដ្ឋអាមេរិក និង​អ្នកស្ម័គ្រចិត្ត​ទីភ្នាក់ងារ Peace Corps​។​

​នៅក្នុង​ជំនួប​នេះ​ភាគី​ទាំង​ពីរបាន​ពិភាក្សា​ពី​បញ្ហា​ទ្វេភាគី និង​តំបន់ ដែលជា​ការព្រួយបារម្ភ និង​ផលប្រយោជន៍​រួម​។
​ទន្ទឹមនឹង​ការថ្លែងអំណរគុណ​ចំពោះ​សហរដ្ឋអាមេរិក​ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​លើ​វិស័យ​នានា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ចង់ឃើញ​ការចូលរួម​ប្រកបដោយ​ស្ថាបនា និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ដែល​នឹង​បង្កើន​ទំនុកចិត្ត​ចំពោះ​គ្នា​ទៅវិញទៅមក​។ ភាគី​ទាំង​ពីរបាន​ប្តេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង​មិត្តភាព និង​ពង្រីក​កិច្ច​សហ​-​ប្រតិបត្តិការ​បន្ថែមទៀត លើ​គ្រប់​វិស័យ​ដែលមាន​សក្តានុពល​។
​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ របស់​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន បាន​ជម្រាប ឯកឧត្តម Chollet អំពី​អាទិភាព​ដែល​កម្ពុជា​បានកំណត់​សម្រាប់​ឆ្នាំក្រោយ និង​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ពង្រឹង​ម​ជ្ឈ​ភាព​និង​ភាព​ធន់​របស់​អាស៊ាន ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​ការថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​និង​ក្រៅ​តំបន់​អាស៊ីអាគ្នេយ៍​។​

ឯកឧត្តម Derek Chollet ទីប្រឹក្សា​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក(រូបថតឯកសារ)

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សម្តែង​អំណរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​គាំទ្រ​ដល់​ម​ជ្ឈ​ភាព​អាស៊ាន និង​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន ផងដែរ​។
​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ទីប្រឹក្សា Chollet ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​ការវិវឌ្ឍ​នៃ​ស្ថានការណ៍​ក្នុង​តំបន់ និង​អន្តរជាតិ​នានា ដូចជា​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ បញ្ហា​មី​យ៉ាន់​ម៉ា ។​ល​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner