កិច្ចប្រជុំទ្វេភាគី រវាងធនាគារជាតិនៃកម្ពុជា ជាមួយធនាគាររដ្ឋវៀតណាម
ភ្នំពេញ៖ កម្ពុជាសម្រេចបាន ការចាក់វ៉ាក់សាំងដ៏ឆាប់រហ័ស ដែលជួយការពារសុខភាពប្រជាជន និងជំរុញសកម្មភាពសេដ្ឋកិច្ច ហើយធនាគារជាតិនៃកម្ពុជា ក៍បានដាក់ចេញនូវវិធានការ ដោយមានប្រសិទ្ធភាព ក្នុងអំឡុងពេលកូវីដ-១៩ ដែលសម្រេចបានសមិទ្ធផលល្អ ក្នុងការរក្សាបានវឌ្ឍនភាព និងស្ថិរភាពប្រព័ន្ធធនាគារ និងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។
នេះជាប្រសាសន៏របស់លោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងអនាគារវៀតណាម ជាមួយធនាគារជាតិនៃកម្ពុជា តាមរយៈប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២១។ លោកជំទាវ បានអបអរសាទរចំពោះ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើប ជាពិសេស ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ជួយដោះស្រាយបញ្ហាទូទាត់ ឆ្លងគ្រឹះស្ថាន និងការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ ទាំងក្នុងស្រុក និងតំបន់។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានថ្លែងអំណរគុណ ចំពោះធនាគាររដ្ឋវៀតណាម ជាពិសេស លោកជំទាវ ទេសាភិបាល Nguyen Thi Hong និងថ្នាក់ដឹកនាំ ដែលបានផ្តល់កិច្ចសប្រតិបត្តិ-ការល្អប្រសើរ ក្រោមអនុស្សរណៈយោគយល់ រវាងធនាគារកណ្តាលទាំងពីរ ទៅលើកិច្ចសហប្រតិបត្តិការទូទៅ, លើការត្រួតពិនិត្យធនាគារ និងលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ឯកឧត្តមទេសាភិបាល ក៏បានថ្លែងអំណរគុណដល់ធនាគាររដ្ឋ និងរដ្ឋាភិបាលវៀតណាម ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយបានបន្តផ្ត-ល់អាហារូបករណ៍ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសវៀតណាម។
កិច្ចប្រជុំទ្វេភាគី បានពិភាក្សាផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា,ការអភិវឌ្ឍវិស័យធនាគារ, វិធានការឆ្លើយតបរបស់ធនាគារកណ្តាល ចំពោះឥទ្ធិពលអវិជ្ជមាននៃជំងឺ កូវីដ-១៩, ការជំរុញ ការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ និងការពិនិត្យមើលពីវឌ្ឍនភាព ជាមួយនឹងការកំណត់ទិសដៅ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
អង្គប្រជុំក៏បានកំណត់ទិសដៅការងារអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះរួមមាន៖ការចែករំលែកចំណេះដឹង លើការអភិវឌ្ឍប្រព័ន្ធទិន្នន័យ សម្រាប់អត្រាប្តូរប្រាក់, ការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិ, ការពង្រឹងការត្រួតពិនិត្យ ដោយផ្អែកលើហានិភ័យ និងការអភិវឌ្ឍប្រព័ន្ធទូទាត់។ ធនាគាររដ្ឋវៀតណាម ក៏នឹងបន្តរួមចំណែកផ្តល់អាហារូបករណ៍ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាថ្នាក់ ឧត្តមសិក្សា នៅប្រទេសវៀតណាម ៕ ដោយ/ វ៉េង លឹមហួត