NASA បាញ់បង្ហោះយានអវកាស DART ទៅទីអវកាស ដើម្បីបំពេញបេសកកម្មការពារផែនដីពីអាចម៍ផ្កាយ
កាលីហ្វ័រញ៉ា៖ បេសកកម្ម DART របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានបាញ់បង្ហោះកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ចេញពីមូលដ្ឋានទ័ពអវកាស វ៉ានដិនបឺក ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX។
គោលដៅរបស់យានអវកាស DART គឺជាអាចម៍ឈ្មោះថា ឌីម័រហ្វូស (Dimorphos) ដែលមានមានអង្កត់ផ្ចិត ១៦០ម៉ែត្រ ហើយគោចរជុំវិញអាចម៍ផ្កាយមួយទៀតឈ្មោះថា ឌីឌីម៉ូស (Didymos) ដែលធំជាងវាប្រហែល ៥ដង។ អាចម៍ផ្កាយទាំងពីរ មិនបង្កការគំរាមកំហែងដល់ផែនដីទេ ប៉ុន្តែត្រូវបានជ្រើសរើសសម្រាប់ការសាកល្បង ពីព្រោះថាពួកវានៅមិនសូវឆ្ងាយខ្លាំងពីផែនដី និងដោយសារតែប្រព័ន្ធអាចម៍ផ្កាយភ្លោះបែបនេះ ងាយស្រួលក្នុងការតាមដានលទ្ធផលនៃការធ្វើតេស្ត។ ការធ្វើតេស្តនេះត្រូវបានរចនាឡើង ដើម្បីជួយក្រុមអ្នកវិទ្យាសាស្រ្តស្វែងយល់ថា តើត្រូវការកម្លាំងច្រើនកម្រិតណា ដើម្បីអាចរុញច្រានអាចម៍ផ្កាយមួយ ឲ្យងាកចេញពីគន្លងគោចរដើមរបស់វា ក្នុងករណីដែលនៅថ្ងៃណាមួយ ភពរបស់យើងត្រូវពួកវាសំដៅមកចំ។
យានអវកាស DART ត្រូវគេរំពឹងថា នឹងទៅដល់គោលដៅនៅចន្លោះខែកញ្ញា-តុលា ឆ្នាំ២០២២ ហើយវានឹងត្រូវបំបុកខ្លួនជាមួយអាចម៍ផ្កាយ ឌីម័រហ្វូស ក្នុងល្បឿន ២៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ក្រោមគោលបំណងផ្លាស់ប្តូរគន្លងគោចររបស់ ឌីម័រហ្វូស នៅជុំវិញ ឌីឌីម៉ូស៕ ប្រភព៖ Reuters