មន្រ្តីជាន់ខ្ពស់សុខាភិបាលថៃ៖ បុគ្គលិកពេទ្យជាង ៤ពាន់នាក់បានឆ្លង Covid-19 គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០
បាងកក៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ថៃម្នាក់បញ្ជាក់ថា បុគ្គលិកសុខាភិបាលថៃច្រើនជាង ៤ពាន់នាក់បានឆ្លងជំងឺកូវីដ១៩ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០មក។
នាយកទំនាក់ទំនងផ្នែកគ្រោះថ្នាក់ និងទម្លាប់សុខភាពនៃនាយកដ្ឋានគ្រប់គ្រងជំងឺអ្នកស្រីវេជ្ជបណ្ឌិត Sumanee Wacharasin បញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅពេលជំងឺកូវីដ១៩បានចាប់ផ្តើមឆ្លងរាតត្បាតរហូតដល់ថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅ សរុបបុគ្គលិកសុខាភិបាលចំនួន៤ពាន់២៧០នាក់បានឆ្លងកូវីដ១៩។ ក្នុងចំណោមអ្នកឆ្លងជាបុគ្គលិកពេទ្យទាំងអស់នោះ មានវេជ្ជបណ្ឌិតចំនួន១៩៨នាក់ និងនិស្សិតពេទ្យ៣៤នាក់។
អ្នកស្រីវេជ្ជបណ្ឌិត Sumanee បន្ថែមថា ជុំវិញបញ្ហានេះដែរ ក៏បានធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកពេទ្យផ្សេងៗទៀតដែលធ្វើការជិតស្និទ្ធជាមួយពួកគាត់ផងដែរ។ សម្រាប់បុគ្គលិកសុខាភិបាលផ្សេងទៀតដែលឆ្លងមានដូចជាគិលានុបដ្ឋាក ជំនួយការពេទ្យ ពេទ្យធ្មេញ ឱសថការី និស្សិតពេទ្យ អ្នកដឹកជញ្ជូននៅមន្ទីរពេទ្យ និងអ្នកស្ម័គ្រចិត្តជាដើម៕ ប្រភព៖ Bangkok Post