គ្រឿងញៀនជិត២០០គីឡូក្រាម ត្រូវបានក្រុមឧក្រិដ្ឋជនផ្លុងចោល ក្រោយសមត្ថកិច្ចល្បាតជួប្រទះ
គ្រឿងញៀនជាង១០០កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនគរបាលវរៈការពារព្រំដែនក្នុងស្រុកបុរីអូរស្វាយសែនជ័យ ធ្វើការប្រមូលយកមករក្សាទុក ក្រោយពេលក្រុមឧក្រិដ្ឋជនផ្លុងចោល បន្ទាប់ពីជួបប្រទៈជាមួយកម្លាំងសមត្ថកិច្ចកំពុងល្បាតតាមបន្ទាត់ព្រំដែនទឹក ត្រង់ចំណុចកោះល្ងរ ឃុំព្រះរំកិល នៅវេលាម៉ោង៧យប់ ក្នុងថ្ងៃទី២៤ វិច្ឆិកា ឆ្នំា២០២១ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា¶ នៅវេលាម៉ោង៧យប់ថ្ងៃទី២៤វិច្ឆិកា កម្លាំងនគរបាលការពារព្រំដែនបានចុះល្បាតតាមដងទន្លេ ក៏ប្រទះឃើញទូកមួយគ្រឿងបើកបរសំដៅចុះមកពីកោះស្តាំ ក្នុងស្រុកមឿងខូង ប្រទេសឡាវ ឆ្លងកាត់ទឹកដីឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខណៈប្រទះឃើញទូក១គ្រឿងដឹកសុទ្ធតែការ៉ុងជាច្រើន ហើយខាងសមត្ថកិច្ច ក៏ឃាត់ឲ្យឈប់តែទូកសង្ស័យ១គ្រឿងខាងលើ នៅតែបន្តល្បឿនទៅមុខមិនឈប់ គ្រានោះកម្លាំងសមត្ថកិច្ច ក៏បានប្រដេញតាមរហូតដល់ចំណុចកោះល្ងរ ទើបជនល្មើសឈប់ទូក រួចរត់ឡើងទៅលើគោកកោះល្ងរ គេចខ្លួនបាត់ស្រមោលតែម្តង រីឯកម្លាំងសមត្ថកិច្ចក៏បានធ្វើការឆែកឆេរក្នុងការ៉ុងនោះ ទើបប្រទះឃើញសុទ្ធតែជាប្រភេទគ្រឿងញៀនទាំងអស់ ។
សមត្ថកិច្ចស្ថិតក្នុងប្រតិបត្តិការនោះបានឲ្យដឹងថា បន្ទាប់ពីធ្វើការឆែកឆេរលើទូករួចមកក្រោយពីឆែកឆេររួច ជាលទ្ធផលឃើញមានក្នុងការ៉ុងសុទ្ធតែគ្រឿងញៀនចំនួន១៧០កញ្ចប់ និងមានទម្ងន់ប្រហែល១៧០គីឡូក្រាម ផងដែរ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលវរៈការពារព្រំដែន ក៏បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តទាំងយប់ផងដែរ ។
សូមបញ្ជាក់ថា សមត្ថកិច្ចមិនត្រូវបានឃាត់ខ្លួនជនល្មើសនោះទេ ដោយសារជនល្មើសបានរត់គេចខ្លួន ដោយបន្សល់ទុកនូវទូក១គ្រឿង និងវត្ថុតាងបទល្មើសគ្រឿងញៀនជាង១០០កញ្ចប់ ។ បច្ចុប្បន្នវត្ថុតាងគ្រឿងញៀន កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំការត្រួតពិនិត្យពីជំនាញ ដើម្បីចងក្រងឯកសារចាត់ចែងទៅតាមនិតិវិធីច្បាប់ ៕