ការសាងសង់ព្រលានយន្ដហោះភ្នំពេញថ្មី សម្រេចបាន ២៧%ហើយ ត្រូវនឹងទឹកប្រាក់ ៣៥៨លានដុល្លារ

ភ្នំពេញ ៖ គិតមកដល់ពេលនេះ ការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី (NPPIA) សម្រេចបាន២៧ភាគរយហើយ ត្រូវនឹងទឹកប្រាក់សរុប ៣៥៨លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CAIC) ។

សេចក្ដីប្រកាសព័ត៌មានរបស់ CAIC បានបញ្ជាក់ថា «គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន ២៧% ត្រូវនឹងទឹកប្រាក់សរុប ៣៥៨លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC» ។

សេចក្ដីប្រកាសព័ត៌មាន បានបង្ហាញឲ្យដឹងក្នុងពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) សម្រាប់ការវិនិយោគទឹកប្រាក់ចំនួន ២០លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី ។

ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណរបស់ NPPIA នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ NPPIA នៅខេត្តកណ្តាល ។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

សូមបញ្ជាក់ថា CAIC គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មី លើផ្ទៃដីសរុប ២៦០០ហិកតា ដែលគម្រោងសាងសង់មាន៣ដំណាក់កាល ។

ការងារសាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដី នៅឡើយនោះទេ ដែលអាចនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង ១ឆ្នាំ។

ដោយឡែកដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner