សម្តេចតេជោ ៖ យើងត្រូវពង្រឹងបន្ថែមនូវភាពជាដៃគូអាស៊ី-អឺរ៉ុប ដើម្បីកំណើនរួមគ្នាប្រកប ដោយចីរភាព និងការចែករំលែក ក្រោយវិបត្តិនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្រោមមូលបទ ៖ “ការពង្រឹងពហុភាគី និយម ដើម្បីកំណើនរួម” តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM-13)។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បន្ទាប់ពីការរស់នៅអស់រយៈពេលជិត ២ ឆ្នាំ ក្នុងស្ថានភាពនៃការរាតត្បាត នៃជំងឺ កូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន មកលើអាយុជីវិតប្រជាជន និងសង្គម-សេដ្ឋកិច្ច សម្ដេច មាន សេចក្តីរីករាយ ដែលពេលនេះ យើងអាចរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣បាន ទោះបីស្ថិតក្នុងទម្រង់ជាការជួប ប្រជុំតាមប្រព័ន្ធវីដេអូក៏ដោយ ស្របពេលដែលព្រំដែនរបស់យើង បានបើកឱ្យដំណើរការឡើងវិញ ជាបន្តបន្ទាប់ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា ខណៈដែលយើងទាំងអស់គ្នា ខិតខំប្រឹងប្រែងស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងដំណាក់កាលនៃការរស់នៅជាមួយជំងឺកូវីដ-១៩ មូលបទដែលយើងបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូល ASEM លើកទី១៣នេះ ពោលគឺ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” កាន់តែមានសុពលភាព និង ភាពសមស្រប ជាងពេលណាៗទាំងអស់ ។ សម្តេច ថា៖ ជាការពិត នៅលើពិភពលោក ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងពិតជាមាន សេចក្តីត្រូវការក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សាបាននូវពហុភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកល មិនត្រឹមតែមាន “ចីរភាព” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចែករំលែក ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដែរថា ចាប់ពីពេលបង្កើតឡើងនៅឆ្នាំ១៩៩៦ មក កិច្ចប្រជុំកំពូល ASEM បាន ក្លាយជាវេទិកាដ៏សំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប ។ ភាពខ្លាំង របស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួន ជាអាទិ៍: ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញ ទៅមក ក្នុងស្មារតីកុងសុងស៊ីស និងភាពជាដៃគូស្មើភាព ។

សម្ដេចតេជោ បានបង្ហាញជំនឿថា ក្នុងសភាពការណ៍បច្ចុប្បន្ន យើងត្រូវការនូវគោលការណ៍ទាំងនេះ កាន់តែខ្លាំងឡើង ថែមទៀត ដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និង ការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner