សហរដ្ឋអាមេរិកអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមកិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ដែលបង្កកំហឹងពីចិន

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាល​លោក ​ចូ បៃដិន ​(Joe Biden) ​អញ្ជើញ​​តៃវ៉ាន់​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ខែ​ក្រោយ​ បង្ក​ការ​ខឹង​សម្បារ​ពី​ចិន​​ ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​។​

ជំនួប​លើក​ដំបូង​គឺ​ជា​ការ​សាក​ល្បង​នៃ​ការ​អះអាង​របស់​លោក​បៃដិន​ ដែល​​ប្រកាស​​​ក្នុង​សុន្ទរកថា​គោល​នយោបាយ​ការ​បរទេស​លើក​ដំបូង​របស់​លោក​​ក្នុង​ការិយាល័យ​កាល​ពី​ខែ​កុម្ភៈ​ថា​ លោក​នឹង​ប្រគល់​សហរដ្ឋ​អាមេរិក​ឱ្យ​ត្រឡប់​ទៅ​ជា​អ្នក​ដឹក​នាំ​ពិភព​លោក​វិញ​ដើម្បី​ប្រឈម​មុខ​នឹង​កម្លាំង​ផ្តាច់​ការ​ដែល​ដឹក​នាំ​ដោយ​ចិន​ និង​រុស្ស៊ី​។​​

​​ក្រសួង​ការ​បរទេស​តៃវ៉ាន់​​និយាយ​ថា​ ​រដ្ឋ​មន្ត្រី​ឌីជីថល​លោក ​Audrey Tang ​និង​អ្នក​ស្រី ​Hsiao Bi-khim ​ឯកអគ្គ​រដ្ឋ​ទូត​​​តៃវ៉ាន់​ប្រចាំ​​ទីក្រុង​វ៉ាស៊ីនតោន​នឹង​តំណាង​ឱ្យ​រដ្ឋាភិបាល​ដើម្បី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​។​ ក្រសួង​និយាយ​ថា​៖​ «​ការ​អញ្ជើញ​របស់​ប្រទេស​របស់​យើង​ឱ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ​គឺ​ជា​ការ​បញ្ជាក់​ពី​កិច្ច​ខិត​ខំប្រឹ​ង​ប្រែង​របស់​តៃវ៉ាន់​ក្នុង​ការ​លើក​កម្ពស់​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​»​​។

​ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ថា​ ខ្លួន​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​អញ្ជើញ​នេះ​។​ អ្នក​នាំ​ពាក្យ​ក្រសួង​លោក​ Zhao Lijian ​​ប្រាប់​អ្នក​យកព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​ថា​៖​ «​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​​បង្ហាញថា ​លទ្ធិ​ប្រជាធិបតេយ្យ​គ្រាន់​តែ​ជា​ការ​​បិទ​​បាំង​​ និង​ជា​ឧបករណ៍​សម្រាប់​​ជំរុញ​គោល​បំណង​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ គាប​សង្កត់​ប្រទេស​ផ្សេង​ទៀត​ បែង​ចែក​ពិភព​លោក ​និង​បម្រើ​ផល​ប្រយោជន៍​របស់​ខ្លួន​ប៉ុណ្ណេះ​»​។

​ការ​អញ្ជើញ​​កោះ​តៃវ៉ាន់​ធ្វើ​ឡើង​នៅ​ពេល​ដែល​​ចិន​​បង្កើន​សម្ពាធ​លើ​ប្រទេស​នានា​ឱ្យ​​បំបែក​ទំនាក់​ទំនង​ជាមួយ​កោះ​នេះ​។​ ប៉ុន្តែ​តៃវ៉ាន់​​និយាយ​​​ថា​ ក្រុង​​ប៉េកាំង​​គ្មាន​​សិទ្ធិ​​និយាយ​​សម្រាប់​​ខ្លួន​​​ទេ​។​ ភាព​​ខុស​​​គ្នា​​យ៉ាង​​ខ្លាំង​​ជុំ​វិញ​​កោះ​​តៃវ៉ាន់​ ​​កើត​​មាន​​ឡើង​​ក្នុង​​អំឡុង​​ពេល​​កិច្ច​​ប្រជុំ​តាម​ប្រព័ន្ធ​វិឌីអូ​កាល​ពី​ដើម​ខែ​​រវាង​​លោក​បៃដិន​ ​និង​​ប្រធានាធិបតី​​ចិន​លោក ​Xi Jinping​។​

​​​នៅ​​អាស៊ី​​ សម្ព័ន្ធមិត្ត​របស់​អាមេរិក​មួយ​ចំនួន​ដូច​ជា​ ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​អញ្ជើញ​ ខណៈ​ប្រទេស​ផ្សេង​ទៀត​ដូច​ជាថៃ​ និង​វៀតណាម​មិន​ត្រូវ​បាន​អញ្ជើញ​។​ ​សម្ព័ន្ធ​មិត្ត​​អាមេរិក​ ប្រទេស​​អេហ្ស៊ីប​​និង​​សមាជិក​​ណាតូ​​តួកគី​ក៏​អវត្តមាន​ ហើយ​មាន​តែ​ប្រទេស​មជ្ឈិម​បូព៌ា​​​​ពីរ​ប៉ុណ្ណេះ​រួម​មាន​អ៊ីស្រាអែល​ និង​អ៊ីរ៉ាក់​​ ដែល​ត្រូវ​​បា​ន​​អញ្ជើញ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner