អាមេរិកដាក់ក្រុមហ៊ុនមួយចំនួន ដែលពាក់ព័ន្ធនឹងយោធាចិន ប៉ាគីស្ថាន និងរុស្ស៊ីក្នុងបញ្ជីខ្មៅ

អាជ្ញាធរ​នៃ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​បាន​ដាក់​ក្រុមហ៊ុន​ ឬ ស្ថាប័ន​ចំនួន ២៧ ដែល​មាន​មូលដ្ឋាន​នៅ​ចិន ជប៉ុន ប៉ាគីស្ថាន និង​សិង្ហបុរី ដាក់​ចូល​ក្នុង​បញ្ជី​អង្គភាព (Entity List) និង​ស្ថាប័ន​មួយ​មក​ពី​ប្រទេស​រុស្ស៊ី​ដាក់​ចូល​ក្នុង​បញ្ជី​អង្គភាព​ដែល​ផ្ដល់​ប្រយោជន៍​ឱ្យ​យោធា (Military End User)។

អាមេរិក​បាន​ចាត់​ទុក​ថា ក្រុមហ៊ុន​ចំនួន ៨ ដែល​មាន​មូលដ្ឋាន​នៅ​ស្រុក​ចិន បាន​ប្រើប្រាស់​ផលិត​អាមេរិក​ ដើម្បី​គាំទ្រ​ដល់​ទំនើបកម្ម​យោធា​ចិន។ ចំណែក​ឯ​ក្រុមហ៊ុន​ចំនួន ១៦ ដែល​ស្ថិត​នៅ​ចិន និង​ប៉ាគីស្ថាន បាន​បម្រើ​ដល់​កម្មវិធី​ផលិត​នុយក្លេអ៊ែរ ឬ មីស៊ីល​បាលីស្ទិក​នៅ​ប៉ាគីស្ថាន​ដែល​មិន​មាន​ការ​ការពារ​ត្រឹមត្រូវ។ ចំណែក​ឯ​ក្រុមហ៊ុន​ចំនួន ៣ទៀត ដែល​មាន​មូលដ្ឋាន​នៅ​ចិន ជប៉ុន និង​សិង្ហបុរី បាន​ប្រើប្រាស់​បច្ចេកវិទ្យា​អាមេរិក និង​សម្ព័ន្ធ​មិត្ត ​សម្រាប់​យោធា​អ៊ីរ៉ង់ ក្រុមហ៊ុន​របស់​កូរ៉េ​ខាង​ជើង ក៏​ដូច​ជា​ ក្រុមហ៊ុន​ឧស្សាហកម្ម​បុត្រ​សម្ព័ន្ធ​របស់​រដ្ឋាភិបាល​ចិន។

រី​ឯ​អង្គភាព​មួយ​របស់​រុស្ស៊ី​គឺ វិទ្យាស្ថាន​មូស្គូ​នៃ​រូបវិទ្យា និង​បច្ចេកវិទ្យា បម្រើ​ដល់​ផលិតកម្ម​នូវ​បរិក្ខារ​យោធា សម្រាប់​ភាគី​យោធា​ណា​មួយ។

បើ​ក្រុមហ៊ុន​ណា​មួយ​ជាប់​ក្នុង​បញ្ជី​អង្គភាព នោះ​ការិយាល័យ​ឧស្សាហកម្ម​ និង​សន្តិសុខ​នៃ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​នឹង​ធ្វើ​ការ​រឹត​បន្តឹង​ការ​នាំ​ចេញ​ ឬ ការ​ផ្ទេរ​ទំនិញ​ក្រោម​រូបភាព​ណា​មួយ​ពី​សំណាក់​ក្រុមហ៊ុន​អាមេរិក ទៅ​កាន់​ក្រុមហ៊ុន​ទាំង​អស់​នោះ។

ចំណែក​ឯ​បញ្ជី​អង្គភាព​បម្រើ​ដល់​ប្រយោជន៍​យោធា ជា​បញ្ជី​ដែល​អាមេរិក​ចាត់​ទុក​ថា អង្គភាព​ទាំង​នោះ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ទាហាន​របស់​ចិន រុស្ស៊ី វេណេហ្ស៊ុយអេឡា និង​មីយ៉ាន់ម៉ា។

ក្រុមហ៊ុន​អាមេរិក​ទាំង​អស់ ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ពាណិជ្ជកម្ម​ចំពោះ​ការ​នាំ​ចេញ​ទំនិញ​ណា​ដែល​មិន​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ​ ទៅ​កាន់​ក្រុមហ៊ុន​ដែល​ជាប់​ក្នុង​បញ្ជី​ទាំង​នោះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner