ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា សមាគមសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរ៉ឺម៉កសន្តិភាព

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា សមាគមសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរ៉ឺម៉កសន្តិភាព និងសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាពរាជធានីភ្នំពេញ ដែលធ្លាប់បានចូលរួមសកម្មភាព ក្នុងនាមជាជំនួយការរបស់អាជ្ញាធររាជធានីភ្នំពេញ ក្នុងពេលចុះជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញនាពេលកន្លងមក ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងកោតសរសើរចំពោះឆន្ទៈ និងសកម្មភាពរបស់បងប្អូន សមាជិក សមាជិកា សមាគមសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរ៉ឺម៉កសន្តិភាព រួមជាមួយ សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្តិភាព ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងសកម្មភាពបម្រើផលប្រយោជន៍សង្គម និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ក្នុងនាមជាខ្មែរតែមួយ ដែលកំពុងរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ តាមលំអានដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវខ្ពស់ចំពោះសេចក្តីសុខ និងភាពរីកចម្រើនជូនប្រជាជាតិកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន MADAM DA Cosmetic ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងសកម្មភាពការងារសង្គមនេះផងដែរ ។ ជាចុងក្រោយ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកផ្តាំផ្ញើឱ្យសមាជិក សមាជិកាទាំងអស់ បន្តចូលរួមសកម្មភាពសង្គមល្អៗបន្តទៀត ហើយរួមគ្នាបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងបន្តទៀត ។
គួរបញ្ជាក់ថា សមាជិក សមាជិកា សមាគមសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរ៉ឺម៉កសន្តិភាព ចំនួន២០០នាក់ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាម្នាក់ៗទទួលបាន៤ម៉ឺនរៀល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner