ទំនៀមទម្លាប់ប្រពៃណី ប្រកបរបរកសិកម្មដំណាំស្រូវ និងការប្រមូលផលស្រូវបុកដាំ តាមចម្ការ របស់ជនជាតិដើមភាគតិច នៅក្នុងខេត្តរតនគិរី នៅតែរក្សាបានយ៉ាងល្អប្រសេីរ

រតនគិរី ៖ បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី នៅតែបន្ត និងថែរក្សាប្រពៃណីទំនៀមទំលាប់ របស់ពួកគាត់ តាំងពីបុរាណ យូរលង់មកហើយ ដូចជាការដាំដុះដំណាំរូមផ្សំ និងធ្វើស្រែចំការ វិលជុំបើទោះបីបច្ចុប្បន្ន ប្រទេសជាតិ មានការរីកចម្រើន និងមានឧបករណ៍ សម្ភារកសិកម្មទំនើបយ៉ាងណាក៏ដោយ ។

ការកែប្រែរបៀបរបបប្រកបរបរធ្វើចំការ ឬស្រែវិទ្យាសាស្ត្រតាមបច្ចេកទេស កសិកម្មជឿនលឿនក៏ត្រូវ បានប្រជាកសិករជាបងប្អូនជនជាតិភាគតិច ក្នុងខេត្តមួយនេះចាប់អារម្មណ៍ច្រើនដែរ ដោយពួកគាត់បាន ប្រើប្រាស់ឧបករណ៍ទំនើបៗ ក្នុងការបម្រើឲ្យវិស័យកសិកម្ម ទទួលបាននូវ ទន្និផលខ្ពស់។ បើយើងក្រឡែកមកមើល ពីការប្រកបរបរធ្វើស្រែចំការ របស់បងប្អូនជនជាតិហាក់បី ដូចជានៅមានកំរិតទាប និងតិចតួចបំផុតសម្រាប់បងប្អូនព្រោះពួកគាត់ នៅតែរក្សាការប្រកបរបរធ្វើ ចំការ ឬស្រែតាមទម្លាប់ បុរាណតរៀងមក រហូតដល់សម័យបច្ចុប្បន្ននេះ ។

លោក រចំ សារឿន ជាជនជាតិដើមភាគតិចចារ៉ាយ នៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ហើយជាមន្រ្តីរាជការផងនោះបានរៀបរាប់ថា ការប្រកបរបរដាំស្រូវនៅក្នុងចម្ការជាតាមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិចដែលពួកគាត់បានចេះតៗគ្នា ពីបរមបុរាណ ហើយអ្វី ដែលធ្វើឲ្យយើងចាប់អារម្មណ៍នោះ គឺមុននឹងគាត់ចាប់ផ្ដើមបុកដាំ ស្រូវចំការនៅតាមចំណុច និងទីតាំង នីមួយៗនោះ ពួកគាត់តែងតែនាំគ្នាកាប់មាន់កាប់ទា មានសម្បថ ម្លូរស្លា ស្រាពាង ពូជស្រូវ និងឧបករណ៍ដាក់ស្រូវមុននឹងធ្វើការបុកដាំ ពួកគេប្រមូលគ្នីគ្នាជាច្រើន មានចាស់ទុំ និងម្ចាស់ស្រុក ធ្វើការសែនព្រេន នៅចម្ការនាំគ្នា សុំបួងសួង ដល់អារុក្ខអារក្សអ្នកតា គ្រប់សព្វសូមជួយឲ្យពូជស្រូវរបស់គាត់ ទទួលផលបានទិន្នផលច្រើន ហើយសូមឲ្យស្រូវលូតលាស់ចេញផ្កាផ្លែ និងសូមបួងសួងកុំឲ្យ ពពួកសត្វចង្រៃយាយី ឬបំផ្លាញដំណាំ ស្រូវគាត់ ។លោកបន្ថែមថាជាក់ស្ដែងស្រូវចំការ របស់បងប្អូនជនជាតិ ក្នុងខេត្តរតនគិរី គឺចាប់ពីពួកគាត់ បានបុកដាំតាំង ពីខែមិថុនា រហូតដល់ពាក់កណ្ដាល ខែវិច្ឆិកានេះ គឺត្រូវប្រមូលផល ប៉ុន្តែការប្រមូលផលរបស់គាត់ មិនដូចជាបងប្អូន ប្រជាកសិករខ្មែរ ដែលយកកណ្តៀវមកច្រូតរួចបោកបែននោះទេ គឺពួកគាត់បូតស្រូវដោយដៃផ្ទាល់ ពុំបានប្រើប្រាស់ឧបករណ៍ ឬសម្ភារៈដូចជាកណ្ដៀវ សម្រាប់ច្រូតនោះឡើយ។

លោក រចំ សារឿន លើកឡើងបន្តថាអ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺមុនពេលគាត់ធ្វើការប្រមូលផលស្រូវ បូតដោយដៃ តម្រូវឲ្យពួកគាត់ធ្វើការ សែន ព្រេនម្ដងទៀត តាមទំនៀមទម្លាប់គាត់ ត្រូវតែកាប់មាន់ ស្រាពាង សែនបួងសួង សុំខមាទោសស្រូវ នៅក្នុងចំការដោយរៀបរាប់ ជាភាសាររបស់ជនជាតិនីមួយៗក្នុងន័យសូមឲ្យព្រលឹងស្រូវក្នុងចំការ ដែលបានបាត់បង់ខ្លះៗ ពីចំការ ដោយសារការបំផ្លាញពី សត្វផ្សេងៗ ស៊ីបំផ្លាញទៅហើយនោះ សូមព្រលឹងស្រូវ ធ្វើការវិលត្រឡប់ មកកាន់ចំការវិញ ដើម្បីពួកគាត់ធ្វើការ ប្រមូលយក មកដាក់ក្នុងកាផា(ប្រដាប់ដាក់ស្រូវជនជាតិ) នាំយកទៅទុកក្នុងផ្ទះជាការស្រេច។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរីមានចំនួន៨ជនជាតិដូចជា៖ កាចក់, គ្រឹង, ព្រៅ, ទំពួន, ចារ៉ាយ, កាវែត, ព្នង និងលន់ ពួកគាត់ធ្វើរបរកសិកម្មស្រូវជារបៀបចំការ(ភាគច្រើន) គឺពួកគាត់បានបុកដីដាំ ក្នុងមួយរន្ធ មានចំនួនប្រហែល៤ ទៅ៥គ្រាប់ តាមចម្កានៅតាមជើងភ្នំ ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner