វិសាខា ឈ្នះពានសម្ដេចតេជោហ៊ុន សែន ថ្នាក់ជាតិ២រដូវកាលជាប់ៗគ្នា ក្រោយឈ្នះស្វាយរៀង ៥-៤ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី, សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ

ក្រុមបាល់ទាត់វិសាខា បានសម្រេចការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះអតីតក្រុមជើងឯក ៤សម័យព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Smart RSN ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចដល់គណៈកម្មការរៀបចំការប្រកួតនូវទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារផងដែរ ។
សម្រាប់ជំនួបដ៏ជក់ចិត្ត ក្រុមព្រះខ័នរាជស្វាយរៀង បើកការនាំមុខ១គ្រាប់មុន នៅនាទី៥៣ ដោយកីឡាករ ប្រាក់ មុន្នីឧត្ដម នៅវគ្គទី២ ក្រោយស្មើគ្នា ០ទល់០ នៅវគ្គទី១ ។ ប៉ុន្ដែនៅនាទី៧១ អតីតកីឡាករព្រៃវែង វុធ តុលា បានរកគ្រាប់បាល់វាយបកតាមស្មើ ១-១ ឲ្យវិសាខាវិញ ហើយលទ្ធផលស្មើគ្នានេះ ក៏បានរក្សាដល់ចប់ ៩០នាទី ។
ឈានដល់ការបន្ថែមម៉ោង ១៥នាទី ២ដង កីឡាករ ជូ ស៊ិនទិ បានរកគ្រាប់បាល់នាំមុខ ២-១ ឲ្យក្រុមព្រះខ័នរាជស្វាយរៀងជាថ្មី នៅនាទី១០០ មុនកីឡាករ អ៊ុក សុវណ្ណ ទាត់បាល់ហ្វ្រីឃីតតាមស្មើឲ្យវិសាខា ២-២ នៅនាទី១០៦ ហើយលទ្ធផលស្មើគ្នា ក្នុងម៉ោងបន្ថែមនេះ បានបន្ដរក្សាដល់ចប់ការឮប្រកួត ១២០នាទី និងឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្ដីក្រុមជើងឯកឆ្នាំចាស់វិសាខា យកឈ្នះ ៥ទល់ ៤ គ្រងជើងឯក២រដូវជាប់ៗគ្នា ។
គួរបញ្ជាក់ថា ក្រុមជើងឯកវិសាខា ទទួលពាន អមប្រាក់រង្វាន់ ១០០លានរៀល, ក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៦០លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៣ បឹងកេត ទទួលបានប្រាក់រង្វាន់ ៣០លានរៀល ។
ចំណែកក្រុម Fair-Play បានទៅក្រុមភ្នំពេញក្រោន ទទួលបានប្រាក់រង្វាន់ ៣លានរៀល ។ រីឯពានរង្វាន់ឯកត្តជន គេឃើញសមាជិកក្រុមជើងឯកវិសាខា ក្រសោបបានទាំងអស់ចំនួន ៤ពាន រួមមានពានកីឡាករល្អ បានទៅខ្សែការពារ អ៊ុក សុវណ្ណា, ពានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ កែវ សុខផេង រកបាន ៧គ្រាប់, អ្នកចាំទីល្អ កែវ សុខសិលា និងគ្រូបង្វឹកល្អ Akeeb Tunji Ayiyonka ដែលអ្នកទាំង ៤នាក់នេះ ទទួលបានប្រាក់រង្វាន់ ៣លានរៀលដូចៗគ្នា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner