អាជ្ញាធរនៃខេត្តទាំង៣ (ថៃ-កម្ពុជា) ខេត្តស្រះកែវ ខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សាដោយគ្រោងនិងបើកច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តឈមរបស់ខ្លួនខាងលើ

       ក្នុងកិច្ចប្រជុំមួយដែលមិនទាន់សម្រេចផ្លូវការនៅឡើយ រវាងអាជ្ញាធរខេត្តស្រះកែវ (ថៃ) ជាមួយនិង អាជ្ញាធររដ្ឋបាលខេត្តបន្ទាយមានជ័យនិងអាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង(កម្ពុជា)នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២១នេះ នៅមិនទាន់សម្រេចជាផ្លូវការនៅឡើយនោះទេ ដោយភាគីនៃខេត្តទាំង៣ខាងលើ រង់ចាំការសម្រេចពីថ្នាក់លើរៀងៗខ្លួនដើម្បីត្រៀមនិងបើកឲ្យដំណើរការច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្ររបស់ខេត្តទាំង៣ខាងលើ ដែលមានព្រំដែនច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ ឈមជាមួយគ្នានោះ នៅពេលឆាប់ៗខាងមុខនេះ។

       ក្នុងកិច្ចប្រជុំនេះបានផ្តោតលើខ្លឹមសារនិងគោលបំណងសំខាន់ៗ មួយចំនួន ដើម្បីគ្រោងបើកច្រកទ្វារព្រំដែនអន្តរជាតិខ្លងលិក ខេត្តស្រះកែវ(ថៃ)ជាមួយច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(កម្ពុជា) និងច្រកទ្វារអន្តរជាតិបានខាវឌិន ភ្នំដី-គីឡូ១៣ ដែលជាប់ភូមិសាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបង (កម្ពុជា)។

       កិច្ចប្រជុំនេះធ្វើឡើង រវាងអាជ្ញាធរខេត្តស្រះកែវ ដឹកនាំដោយ ឯកឧត្តម ប៉ារិនយ៉ា បូទីសត ជាអភិបាលខេត្តស្រះកែវ (ថៃ) ជាមួយអាជ្ញាធររដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង (កម្ពុជា) ដើម្បីជួបប្រជុំពិភាក្សាក្នុងការបន្ធូរបន្ថយ ដើម្បីសម្រួលដល់ការបើកច្រកទ្វារព្រំដែនក្នុភូមិសាស្ត្ររបស់ខេត្តទាំង៣ខាងលើ និងដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពរវាងខេត្តស្រះកែវ (ថៃ)ជាមួយខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង(កម្ពុជា) នៅទីស្នាក់ការគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្លងលឹកនៃស្រុកអារ័ញ្ញ ខេត្តស្រៈកែវ(ថៃ)។

       ក្នុងកិច្ចប្រជុំពិភាក្សារយៈពេលជាង១ម៉ោងរវាងភាគីនៃខេត្តទាំង៣ គឺបានផ្តោតសំខាន់លើរបៀបវារៈមួយចំនួន ដែលទាក់ទិនក្នុងការសម្របសម្រួល ដើម្បីឈានដល់ការបើកច្រកអន្តរជាតិ និងច្រកតំបន់ មួយចំនួន ស្ថិតនៅក្នុងភូមិសាស្គ្រ នៃខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ដែ លឈម ជាមួយនិងខេត្តស្រះកែវ (ថៃ)។ ដោយក្នុងនោះខាងភាគីខេត្តស្រះកែវ(ថៃ)គ្រោងស្នើបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងលិក នៅថ្ងៃទី១៦ឬយ៉ាងយូរថ្ងៃទី២៦ខែធ្នូឆ្នាំ២០២១ឆាប់ៗខាងមុខ ដើម្បីជាជំហានសាកល្បង និងឈានទៅបើកច្រកទ្វារព្រំដែនទាំងអស់របស់ខ្លួន ទាំងច្រកទ្វារអន្តរជាតិនិងច្រកទ្វារតំបន់ ក្នុងខេត្តខ្លួនដែលឈមជាមួយខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ដោយគ្រោងបើកនៅថ្ងៃទី១ខែមករា ឆ្នាំ២០២២។ហើយអ្វីដែលខាងភាគីថៃ ចង់ជំរុញបើកច្រកទ្វារព្រំដែនឡើងវិញនេះ ដោយសារតែតម្រូវការកម្លាំងពលកម្មក្នុងការប្រមូលកសិផលកសិកម្មចម្ការផ្លែឈើ ដែលកំពុងតែប្រឈមនិងជួបវិបត្តិខ្វះកម្លាំងពលកម្មខ្លាំងនៅក្នុងស្រុករបស់ខ្លួនកន្លងមកនេះ។

       កិច្ចប្រជុំខាងភាគីខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង(កម្ពុជា)បានស្នើអោយភាគីខាងថៃ បើកឲ្យពលករដែលមានលក្ខណៈសម្បត្តិនិងបានបំពេញវិធានសុខាភិបាលត្រឹមត្រូវ តាមគោលការណ៍ដែលបានកំណត់តាមច្រកទ្វារព្រំដែន ត្រូវអនុញ្ញាតិឲ្យចេញចូល១ថ្ងៃ ៣.០០០នាក់។ដោយឲ្យចេញចូល គឺចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់។ចំពោះអ្នកអូសរទេះ ក្នុង១ថ្ងៃ គួរអនុញ្ញាតឲ្យអូស៣០០ជើង និងក្នុងមួយរទេះ អនុញ្ញាតិឲ្យមានមនុស្សតែ៦នាក់ប៉ុណ្ណោះហើយអ្នកទាំងនោះ ត្រូវអនុវត្តនូវិធានសុខាភិបាលជាប្រចាំ និងតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ចំពោះពលករដែលមានប័ណ្ណឆ្លងព្រំដែនដែលកំណត់ឯកភាពដោយសមត្ថកិច្ចច្រកទ្វារព្រំដែននៃភាគីខេត្តទាំង២(ថៃ-កម្ពុជ) ត្រូវអនុញ្ញាតិរយៈពេល៣ខែចំនួន៩០ថ្ងៃ ដើម្បីស្នាក់នៅនិងធ្វើការងារ នៅក្នុងប្រទេសថៃ បាន។

        បើទោះបីក្នុងកិច្ចប្រជុំពិភាក្សារវាងភាគីថៃនិងខាងភាគីកម្ពុជា មិនទាន់សម្រេចជាផ្លូវការបាននៅឡើយ។តែភាគីទាំងអស់ បានឯកភាពទទួលយកសំណើររបស់ភាគីខេត្តទាំង៣ រវាងខេត្តស្រៈកែវ(ថៃ)ជាមួយខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង (កម្ពុជា) ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាលថៃដើម្បីសម្រេច និងជូនដំណឹងជម្រាបជូនភាគីខេត្តពាក់ព័ន្ធនៅពេលក្រោយ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner