អ៊ីស្រាអែលហាមឃាត់ការធ្វើដំណើរមកពីប្រទេសអាហ្រ្វិកចំនួន ៧ ដោយសារព្រួយបារម្ភខ្លាំងពី “វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយទៀត” ដែលអាចប៉ះពាល់ប្រសិទ្ធភាពវ៉ាក់សាំង

យេរូសាឡឹម៖ ប្រទេសអ៊ីស្រាអែលបានប្រកាសហាមឃាត់លើអ្នកធ្វើដំណើរមកពីប្រទេសចំនួន ៧ នៅទ្វីបអាហ្រ្វិក បន្ទាប់ពីមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីមួយទៀត គឺ B.1.1.529 ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett និងរដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែលលោក Nitzan Horwitz បានសម្រេចចិត្តចុះបញ្ជីប្រទេសអាហ្រ្វិកខាងត្បូង ឡេសូថូ បូតស្វាណា ហ្ស៊ីមបាវ៉េ ម៉ូហ្សំប៊ិក ណាមីប៊ី និង អេសវ៉ាទីនី ជា “ប្រទេសក្រហម”។ បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជនបរទេសមកពីប្រទេសទាំងនេះនឹងមិនអាចចូលទៅក្នុងប្រទេសអ៊ីស្រាអែលបានទេ។

ពលរដ្ឋអ៊ីស្រាអែលដែលត្រឡប់មកផ្ទះវិញ ពីការធ្វើដំណើរទៅកាន់ប្រទេសទាំងនេះ នឹងត្រូវស្នាក់នៅក្នុងផ្ទះសំណាក់ដែលបានកំណត់រយៈពេលប្រាំពីរថ្ងៃ ទោះបីជាពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ។ ដោយឡែកចក្រភពអង់គ្លេសក៏បានប្រកាសដែរថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មីនេះ ដែលកំពុងឆ្លងរីករាលដាលនៅប្រទេសអាហ្រ្វិកខាងត្បូង ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង និងដំណើរការមិនប្រក្រតីនៅទូទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូងបាននិយាយថា ពួកគេបានរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ក្នុងចំនួនតិចតួច ហើយកំពុងធ្វើការដើម្បីស្វែងយល់ពីផលប៉ះពាល់របស់វា។ ដោយឡែកអង្គការសុខភាពពិភពលោក (WHO) ក៏កំពុងសិក្សា ដើម្បីកំណត់ឥទ្ធិពលនៃវីរុសបំប្លែងថ្មីនេះផងដែរ៕ ប្រភព៖ ស៊ីនហួរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner