ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់ពិបាកក្នុងការទទួលបានជោគជ័យបន្តិច ប៉ុន្តែមិនមានន័យថាលោកអ្នកគ្មានសំណាងទាំងស្រុងនោះទេ។ ស្ថានភាពល្អក្នុងពេលនេះគឺអ្នកអាចនិយាយចរចា ដោះស្រាយរាល់បញ្ហា ឬកែប្រែស្ថានការណ៍បានល្អ។ ប្រសិនបើអ្នកមានការលំបាកខ្លះដែលពិបាកដោះស្រាយ សូមកុំប្រថុយប្រថាន ប៉ុន្តែសូមព្យាយាមរកដៃគូពិភាក្សា​ទើបជាផ្លូវល្អប្រសើរបំផុត។ ក្រៅពីនេះ ត្រូវគ្រប់គ្រងអារម្មណ៍ កុំឲ្យគេចាប់ថ្នាក់បានឲ្យសោះ ពីព្រោះអ្នកកំពុងមានមនុស្សនៅក្បែរចាំមើលបំណាំ។ លើសពីនេះអ្នកអាចមានលទ្ធភាពស្វែងយល់ភាពប្រែប្រួលបានលឿន ហើយដោះស្រាយដោយសន្តិវិធី។​

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានផ្លែផ្កានឹងការទទួលស្គាល់សមត្ថភាពការងារពីក្រុមការងារផងដែរ។ ដោយឡែក តំណែងការងារ និងផលប្រយោជន៏ធំដុំ មិនទាន់ទទួលបានក្នុងពេលនេះទេ ប៉ុន្តែប្រឹងបន្តិចទៀតពីព្រោះភាពរីកចម្រើននេះកំពុងនៅក្នុងគន្លងផ្លូវរបស់អ្នក។ ត្រូវចាំថា កុំ ទាន់បាក់ទឹកចិត្តឲ្យសោះ។ ទន្ទឹមនឹងនោះសូមរក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សដែលនៅក្បែរ ពីព្រោះពួកគេអាចជួយទំនុកបម្រុង និងយកអាសារលោកអ្នកបាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាងច្រើនណាស់ក្នុងថ្ងៃនេះ រួមទាំងជីវិតឯកជន និងការបង្កើតកម្មវិធីមង្គលនានាផង។ ទ្រព្យសម្បត្តិ មុខតំណែងអាចនឹងទទួលបានដំណឹងយ៉ាងជាក់ប្រាកដក្នុងរយៈពេលរសៀល ក្នុងនោះដែរអ្នកមិនគួរមានការភ្ញាក់ផ្អើលសំពោះហេតុការទេ ពីព្រោះអ្វីៗជាប់ទាក់ទងនឹងមជ្ឈដ្ឋានជុំវិញច្រើន។ ដោយឡែក អ្នកអាចមានជម្លោះ ឬភាពមិនយល់ស្របគ្នាជាមួយនឹងថ្នាក់លើ ដូច្នេះយកល្អគួរនៅឲ្យឆ្ងាយគ្នាសិន ហើយនិយាយស្តីតិច ប៉ុន្តែស្តាប់ឲ្យបានច្រើន។ ថ្ងៃនេះមនុស្សសម្បុរស ផ្ទុយភេទ ប្រហែលមិនមែនជាមិត្តល្អនឹងអ្នកនោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម កិច្ចការងារផ្សេងៗមានដំណើរការល្អ។ ប៉ុន្តែអ្នកហាក់មិនមានពេលវេលាគ្រប់គ្រាន់នោះទេ ដូច្នេះសូមព្យាយាមប្រើប្រាស់ពេលឲ្យមានប្រយោជន៍បំផុត និងគួរជ្រើសរើសការងារអទិភាពអនុវត្តជាមុន។ ក្នុងនោះដែរ ចូរធ្វើតាមគំនិតយោបល់របស់ខ្លួនឯង ចំពោះយោបល់របស់អ្នកដទៃគឺអាចទទួលយកបាន ប៉ុន្តែអ្វីៗនៅតែស្ថិតក្រោមការវាយតម្លៃរបស់អ្នកជានិច្ច។ អ្នកគួរតែជាកន្សៃទូករបស់អាជីពខ្លួនឯង។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រាស្រ័យទាក់ទងណាស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ប៉ុន្តែសូមរក្សាអាកប្បកិរិយាឲ្យបានល្អ។ ទន្ទឹមនឹងនោះ សូមកុំខកខានចាប់យកឳកាសនានដែលលកើតឡើងក្នុងពេលនេះ អ្នកត្រូវចេញទៅប្រឈមនឹងស្ថានភាពខាងក្រៅទើបកាន់តែប្រសើរជាងមុន។ ក្នុងនោះសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរការងារសូមសម្រេចចិត្តចុះ ពីព្រោះអ្វីៗមានដំណើរការវិជ្ជមាន។ ក្រៅនេះលោកអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញដើម្បីក្តោបក្តាប់ហេតុការណ៍នៅជុំវិញខ្លួន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ កុំខ្លាចធ្វើទំនាក់ទំនង​ ឬបណ្តាក់ទុនការងារធំតូចនានា ​ពីព្រោះឳកាសជោគជ័យកើតឡើងក្នុងកំរិតខ្ពស់បំផុត។ ក្នុងនោះដែរពេលវេលាសំណាងរបស់លោកអ្នក គឺនៅពេលព្រឹក ហើយវាច្រើនតែទាក់ទងនឹងមនុស្សវ័យក្មេង។ ដើម្បីរក្សាសញ្ញាណនេះអ្នកគួររក្សាភាពជិតស្និទ្ធជាមួយកុមារ។ សម្រាប់ការងារ និងហិរញ្ញវត្ថុ លោកអ្នកអាចទទួលចំណូលថ្មី ដូច្នេះមិនមានអ្វីលំបាកក្នុងការប្រើប្រាស់ទុននោះទេ។ 

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះសម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន ដូច្នេះផលចំណេញរបស់លោកអ្នកមានការកើនឡើងគួរឲ្យកត់សម្គាល់។ សម្រាប់អ្នកប្រកបការងារ នឹងសម្រេចផលជាទីគាប់ចិត្ត។ ដោយឡែកក្នុងវេលានេះ សម្រាប់អ្នកធ្វើការរដ្ឋឯកជន ចូររក្សាទំនាក់ទំនងជាមួយចៅហ្វាយនាយឲ្យបានល្អ ពីព្រោះគំលាតបង្កើតឲ្យមានមន្ទិលខ្លះ។ បើទោះបីជាយ៉ាងនេះក្តី សូមកុំខ្វល់ខ្វាយជាមួយបញ្ហាតូចតាច ពីព្រោះអ្វីៗ ស្ថិតក្នុងការគ្រប់គ្រងបាន។ លើសពីនេះលោកអ្នកទទួលបានភាពទាក់ទាញច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានសញ្ញាណនៃភាពរីកចម្រើនក្នុងមុខរបរការងារគឺមានគ្រប់ទិសទី។ ទោះក្នុងស្ថានភាពយ៉ាងណាក្តី អ្នកនៅតែអាចមានលទ្ធភាពរកច្រកចេញ ឬកែប្រែស្ថានភាពនានាឲ្យមកជាល្អវិញ។ ជាពិសេសម្រាប់លោកអ្នកដែលបំពេញការងារទាក់ទងនឹងសិល្បៈគឺអាចទទួលបានការសរសើរលើកទឹកចិត្តដែលអាចឲ្យអនាគតការងារអ្នកមានការអភិវឌ្ឍន៍។ ដោយឡែក អ្នកមានពេលវេលាគ្រប់គ្រាន់ ដូច្នេះមិនចាំបាច់ត្រូវប្រញាប់ប្រញាលធ្វើសកម្មភាពណាដែលមានការសង្ស័យនោះទេ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះអាជីពរបស់អ្នកមានភាពរឹងស្ទះច្រើន ដែលនាំឲ្យអ្នកមានភាពហត់នឿយច្រើន និងមិនសូវទទួលបានផលតាមបំណងប្រាថ្នាឡើយ។ ចំណែកឧបាយកលមួយចំនួនស្ថិតនៅប្រកៀកនឹងអ្នក ដូច្នេះត្រូវមានភាពវ័យឆ្លាតកំណត់ភាពអសកម្មនោះឲ្យបានល្អ ធ្វើយ៉ាងណាកុំឲ្យថ្លោះធ្លោយឡើយ។ ភាពស្ងប់ស្ងាត់ថ្ងៃនេះ នឹងជួយអ្នកឲ្យគិតគូរបានវែងឆ្ងាយ ហើយគេចផុតពីបញ្ហាច្រើន អាស្រ័យហេតុនេះសូមព្យាយាមអត់ធ្មត់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងមានលាភសំណាងដែលមិនបានរំពឹងទុកជាមុន ហើយសំណាងនោះមានទំនាក់ទំនងនឹងការងារចាស់ដែលអ្នកបានអនុវត្តកន្លងមក។ ក្នុងវេលានេះអ្នកមានលទ្ធភាពពេញលេញក្នុងការពិភាក្សា ចរចា និងបញ្ចេញទស្សនៈវិស័យសម្រាប់ការងារនៅថ្ងៃអនាគត ពីព្រោះរាល់សំដីរបស់អ្នកទទួលបានការជឿទុកចិត្តខ្ពស់។ ក៏ប៉ុន្តែសូមរក្សាការរស់នៅធម្មតា សូមកុំសម្តែងប្រាប់គេពីភាពជោគជ័យរបស់ខ្លួនឡើយ ពិសេសត្រូវចេះលាក់បាំងវិធីសាស្រ្តអនុវត្តការងារ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកនៅទ្រឹង ក៏ព្រោះតែភាពអសកម្មមួយចំនួនដែលកើតឡើងច្រើនស្របគ្នា។ អ្នកអាចមានការលំបាកខ្លាំងប្រសិនបើអ្នកគ្មានគម្រោងផែនការ និងវិធីសាស្រ្តទប់ទល់នោះទេ។ បញ្ហាថ្ងៃនេះគឺទាក់ទងនឹងការខ្វះចន្លោះផ្នែកឯកសារ ដូច្នេះចូរពិនិត្យពិច្ច័យឲ្យបានគ្រប់ជ្រុងជ្រោយមុនការសម្រេចចិត្ត ពិសេសការចុះហត្ថលេខា។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកក្នុងការកែប្រែស្ថានការណ៍បន្តិច ដូច្នេះសូមបណ្តោយហេតុការណ៍ខ្លះឲ្យរលត់ស្ងប់ទៅវិញដោយឯកឯងចុះ ហើយរងចាំឳកាសល្អនៅថ្ងៃក្រោយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកត្រូវចំណាយកំលាំងច្រើនជាងមុនក្នុងការប្រតិបតិ្តកិច្ចការងារ ប្រសិនបើអ្នកអាចធ្វើបាននោះស្ថានការមិនហ្នឹងហ្ន៎ទាំងឡាយនឹងត្រលប់ជាល្អប្រសើរ ហើយមិនរំខានដល់កិច្ចការអ្នកនោះទេ។ ក្នុងនោះហាមដាច់ខាតចំពោះជម្លោះគ្រប់រូបភាពទាំងអស់ ប្រយ័ត្នបង់ទ្រព្យអាសារឥតការ។ អ្នកអាចមានបញ្ហាតូចតាចខ្លះ កើតឡើង ប៉ុន្តែអ្នកអាចសង្គ្រោះខ្លួនឲ្យចេញពីបញ្ហាទាំងនោះបាន ប្រសិនបើអ្នករក្សាភាពស្ងប់ស្ងាត់ និងអនុគ្រោះ។  ក្នុងថ្ងៃនេះអ្នកមានអំណោយផលយ៉ាងខ្លាំង ក្នុងការក្តោបក្តាប់ពត៌មាន។

ចំណាំៈ

ឆ្នាំទាំង៥ ខាល រោង ម្សាញ់ មមែ​ រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងខ្ពស់ ក្នុងនោះប្រាក់កាស តំណែងការងារមានភាពវិជ្ជមានខ្ពស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner