រថយន្ត PRIUS ពីរគ្រឿងសាកកម្លាំង គ្នាត្រង់ចំណុចផ្លូវបំបែកបួនបណ្ដាលឲ្យខូចខាតទាំងសងខាង
ភ្នំពេញ ៖ រថយន្តPRIUSពីរគ្រឿងបានពន្លះគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងដែរមិនមានអ្នករបួស ។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លួវ៤៣០ កែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BM -5216 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន និងខ្វះការប្រុងប្រយ័ត្នខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្ត toyota prius មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP -7798 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣០ ទិសដៅពីត្បូងទៅជើង ចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងខូចខាតផ្នែកខាងមុខដូចគ្នាយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌបឹងកេងកង បានចុះមកដល់ចំណុចកើតហេតុដោយមិនមានអ្នករបួស ក៏ដូចជាមិនបះពាល់សម្បត្តិរដ្ឋ ទេីបឲ្យភាគីទាំងពីរសំរបសំរួលគ្នា តែភាគីទាំងពីរចចារគ្នាមិនត្រូវ ទើបសមត្ថកិច្ចទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា