អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ១២គ្រួសារទទួលអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត
ខេត្តកំពង់ធំ ៖ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងខេត្តកំពង់ធំ តែងតែទទួលបានការ មើលថែរយ៉ាងជិតស្និទ្ធពីសំណាក់ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដោយមិនទុកឲ្យ អតីតយុទ្ធជនណាម្នាក់រងទុក្ខដោយមិនបានមើលថែរនោះឡើយ ។
ជាក់ស្តែងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ដោយសារសង្គ្រាមចំនួន ១២គ្រួសារ និងបាននាំយកអំណោយ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ចែកជូនផងដែរ នៅឃុំ កំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។ អំណោយដែលបានឧបត្ថម្ភជូន ក្នុងមួយគ្រួសារ ទទួលបានអង្ករចំនួន ៣០គីឡូក្រាម មីជាតិចំនួន ១កេស ទឹកត្រីចំនួន ១យូរ និងត្រីខកំប៉ុងចំនួន ១យួរ ។
បងប្អូនអតីតយុទ្ធជនទាំង ១២គ្រួសារ បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលជានិច្ចកាល តែងតែជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់ពួកគាត់បានទាន់ពេលវេលា និងសូមជូនពរ សំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ៕ ដោយ ប៊ុន រដ្ឋា