អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លង៖ សហរដ្ឋអាមេរិកចាំបាច់ត្រូវតែត្រៀមខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី “អូមីក្រុង”
ញូយ៉ក៖ សហរដ្ឋអាមេរិកចាំបាច់ត្រូវតែប្រុងប្រៀបខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង ប៉ុន្តែវាហាក់ដូចជាលឿនពេកហើយថាតើគួរតែដាក់ចេញវិធានការចាំបាច់មួយចំនួនឬអត់? ក្នុងនោះមានទាំងបិទខ្ទប់ ឬការរឹតត្បិតនានាឡើងវិញ។ នេះបើតាមអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វាវស៊ី។
វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង ហើយត្រូវបានប្រកាសនាពេលថ្មីៗនេះ អំពីករណីឆ្លងកើនឡើងជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសជាច្រើន។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «This Week» នៃទូរទស្សន៍ ABC លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វាវស៊ី បាននិយាយថា វាពិតជាអាចទៅរួច ដែលថា វា (វីរុស អូមីក្រុង) មានវត្តមានរួចទៅហើយនៅក្នុងសហរដ្ឋអាមេរិក បើទោះបីជាមិនមានករណីឆ្លងផ្លូវការណាមួយត្រូវបានប្រកាស។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វាវស៊ី ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកអាចនឹងប្រឈមមុខនឹងរលកឆ្លងកូវីដ១៩ជាលើកទី៥ តែអ្នកជំនាញរូបនេះនៅតែបញ្ជាក់ថា ការកើនឡើង នៃចំនួនប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬដូសជំរុញ អាចនឹងការពារពួកគេមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់៕ ប្រភព៖ Reuters