រដ្ឋមន្ត្រីការបរទេសកម្ពុជា-ហ្វីលីពីន នឹងដឹកនាំកិច្ចប្រជុំ 3rd JCBC នៅដើមខែធ្នូខាងមុខនេះ
ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ បន្ទាប់ពីចប់កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ហ្វីលីពីន លើកទី៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានឲ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា កិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ មានគោលបំណងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អដែលមានស្រាប់ ព្រមទាំងរិះរកមធ្យោបាយ ដើម្បីពង្រីកបន្ថែមទៀតនូវវិសាលភាព និងពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យនានា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវិបុលភាពនៃប្រជាជនទាំងពីរ។ កិច្ចប្រជុំ ក៏នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបាននៅក្នុងការអនុវត្តលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី២ ដែលបានចុះហត្ថលេខា នៅឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសដល់ភាគីទាំងពីរផ្លាស់ប្តូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិផងដែរ។
ក្រសួងការបរទេសបានបញ្ជាក់ថា នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ នឹងអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ហ្វីលីពីន លើកទី៣៕
ដោយៈពលជ័យ