លោក ហ៊្វូមីអូ គីស៊ីដា៖ ជប៉ុននឹងផ្អាកទទួលអ្នកដំណើរថ្មីៗចូលក្នុងប្រទេសខ្លួន ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩បំប្លែងថ្មី “អូមីក្រុង”
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា ថ្លែងថា ប្រទេសរបស់លោកនឹងចាត់វិធានការណ៍រឹតបន្តឹងព្រំដែនឡើងវិញ ដោយរារាំងការមកដល់របស់ក្រុមអ្នកដំណើរថ្មីៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង ខណៈការប្រកាសនេះធ្វើឡើងប៉ុន្មានប៉ុណ្ណោះ បន្ទាប់ពីការបន្ធូរបន្ថយលើវិធានការណ៍ចូលក្នុងប្រទេសខ្លួន។
លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានថា យើងនឹងធ្វើការហាមឃាត់លើជនបរទេសថ្មីៗទាំងអស់មកពីជុំវិញពិភពលោក ចាប់ផ្តើមពីថ្ងៃទី៣០ ខែវិច្ឆិកានេះតទៅ។ លោកបន្តថា ប្រជាជនជប៉ុនដែលត្រឡប់មកពីប្រទេសជាក់លាក់មួយចំនួនអាចចូលបាន ប៉ុន្តែនឹងត្រូវធ្វើចត្តាឡីស័កនៅកន្លែងដែលកំណត់ដោយរដ្ឋាភិបាល។ លោកបន្ថែមថា ការធ្វើចត្តាឡីស័កបន្ថែមទៀត នឹងត្រូវបានដាក់លើការមកដល់ពីប្រទេសចំនួន ១៤បន្ថែមទៀត ដែលវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញ។ បើតាមសារព័ត៌មាន អេភី (AP) ជប៉ុនកាលពីចុងសប្តាហ៍មុននេះ បានធ្វើការរឹតបន្តឹងលើការចូលមកក្នុងប្រទេសខ្លួនសម្រាប់មនុស្សដែលមកពីអាហ្វ្រិកខាងត្បូង និងប្រទេសចំនួន ៨ផ្សេងទៀត ដោយតម្រូវឱ្យពួកគេឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃនៅកន្លែងដែលកំណត់ដោយរដ្ឋាភិបាល។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការយល់ដឹងអំពីកម្រិតនៃភាពធ្ងន់ធ្ងររបស់វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង នឹងចំណាយពេលច្រើនថ្ងៃទៅច្រើនសប្តាហ៍បន្ថែមទៀត៕ ប្រភព៖ CNA