អ្នកប្រដាល់ វី សុភ័ស ឈ្នះជើងឯក គូដណ្តើមប្រាក់លាន Ultimate Boxing Championship 2021
អ្នកប្រដាល់ វី សុភ័ស បានឈ្នះជើងឯក គូដណ្តើមប្រាក់លាន ក្រោយយកឈ្នះអ្នកប្រដាល់ ទូច ដេវីត នៅវគ្គផ្តាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍កីឡាប្រដាល់សកល Ultimate Boxing Championship 2021 សប្តាហ៍ទី៦ ដែលជាសប្តាហ៍បញ្ចប់ប្រចាំឆ្នាំ២០២១។
អ្នកប្រដាល់ វី សុភ័ស ជាកីឡាករមកពីក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស និងអ្នកប្រដាល់ ទូច ដេវីត មកពីក្លិបអារុណរះកីឡា ដែលអ្នកទាំងពីរគឺជាសមាជិកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាដូចគ្នា។ នៅក្នុងការប្រកួតដ៏ជក់ចិត្ត នៅវគ្គផ្តាច់ព្រ័ត្រនេះ វី សុភ័ស ប្រជែងបានម្ចាស់ជើងឯកគូដណ្តើមប្រាក់លាន ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ដោយទទួលបានប្រាក់រង្វាន់ចំនួន ៣លានរៀល ខណៈជើងឯករង ទូច ដេវីត ទទួលបានប្រាក់រង្វាន់ ១លានរៀល។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានលើកឡើងថា នេះជាសប្តាហ៍ទី៦ និងជាសប្តាហ៍ចុងក្រោយ នៃព្រឹត្តិការណ៍ Ultimate Boxing Championship 2021 ដែលជាគោលដៅបង្កើនបច្ចេកទេសឆ្ពោះទៅប្រជែងមេដាយ ស៊ីហ្គេម ២លើកចំពោះមុខនោះ គឺយើងអាចវាយតម្លៃជារួមថា វាជាជោគជ័យដ៏ត្រចេះត្រចង់។ អ្វីដែលទទួលបានពីការខិតខំរៀបចំការប្រកួតនេះ គឺទី១ យើងទទួលបានអត្ថប្រយោជន៍នៃការពង្រឹងកម្រិតបច្ចេកទេសរបស់កីឡាករជម្រើសជាតិ ត្រៀមទៅចូលរួមប្រកួតជើងឯកថ្នាក់ជាតិ នាថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១។ ទី២ គឺជួយជំរុញឲ្យក្រុមជម្រើសជាតិកាន់តែមានបច្ចេកទេសគ្រប់គ្រាន់ ត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២។
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ទាក់ទងនឹងការផ្សព្វផ្សាយនៃព្រឹត្តិការណ៍នេះ គឺយើងទទួលបានការគាំទ្រកាន់តែច្រើន តាមរយៈការទស្សនាការផ្សាយផ្ទាល់លើផេកផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងផេកដៃគូមួយចំនួនទៀត។ នេះក៏ជាចំណុចដ៏ល្អមួយទៀត ដែលបណ្តាស្ថានីយទូរទស្សន៍នានា បានចាប់អារម្មណ៍លើការដាក់បញ្ជូលនូវប្រភេទកីឡាប្រដាល់សកល នៅក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរប្រចាំសប្តាហ៍របស់ខ្លួន ដោយទាំងអស់នេះ គឺជាសមិទ្ធផលថ្មីៗបន្ថែម ដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ទទួលបាន ពីការរៀបចំ Ultimate Boxing Championship 2021 ជាលើកដំបូងនេះ។
ជាមួយគ្នានេះ មន្ត្រីបច្ចេកទេសក៏ទទួលបាននូវបទពិសោធន៍ថ្មីៗពីការរៀបចំ ការផ្គូផ្គងកីឡាករ កីឡាការិនី ដោយសារប្រភេទកីឡាប្រដាល់សកល មិនទាន់សម្បូរបែបនូវធនធានច្រើនហូរហៀរនៅឡើយ ដូច្នេះចាប់ពីឆ្នាំ២០២២តទៅ លោក ប៊ុយ សុភ័ណ្ឌ បានដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការធ្វើឲ្យព្រឹត្តិការណ៍បន្ថែមនេះ កាន់តែរីចកម្រើន និងទទួលបានការគាំទ្រពីមហាជន ក្រៅអំពីការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ដែលប្រើប្រាស់កញ្ចប់ថវិកាជាតិ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា៕