ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំ 3rd JCBC មានគោលបំណងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អដែលមានស្រាប់ ព្រមទាំងរិះរកមធ្យោបាយ ដើម្បីពង្រីកបន្ថែមទៀតនូវវិសាលភាព និងពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យនានា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវិបុលភាពនៃប្រជាជនទាំងពីរ។ កិច្ចប្រជុំ ក៏នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបាននៅក្នុងការអនុវត្តលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC លើកទី២ ដែលបានចុះហត្ថលេខា នៅឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសដល់ភាគីទាំងពីរផ្លាស់ប្តូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិផងដែរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ នឹងអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ហ្វីលីពីន លើកទី៣៕ដោយ/សួង ពិសិដ្ឋ