គ.ជ.ប៖ រយៈពេល៤៥ថ្ងៃ មានពលរដ្ឋជាង៤៣ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា សម្រាប់រយៈពេល៤៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មីចំនួន ៤៣៣,៦៧៤នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្នថ្ងៃទី៤៥ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១) តាមរបាយការណ៍ពីឃុំ-សង្កាត់ចំនួន ១,២៧១ នៅទូទាំងប្រទេស មានដូចខាងក្រោម៖
- ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧,៥៧៤នាក់
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣,៨៦៩នាក់
- អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤,០៥១នាក់
- អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣,៦៨៤នាក់។
គ.ជ.ប បានបញ្ជាក់ថា សរុបរយៈពេល ៤៥ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបានដូចខាងក្រោម៖ - ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ៤៣៣,៦៧៤នាក់
- អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ២១២,២៦២នាក់
- អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១៨០,៧៩៣នាក់
- អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ១៣៩,៦១៥នាក់។
គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្នមានទីតាំងនៅតាមសាលាឃុំ សង្កាត់ ដើម្បី៖ - ពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ ប្រសិនបើមានកំហុសឆ្គង សាមីខ្លួនត្រូវស្នើសុំកែតម្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេលបោះឆ្នោត។
- ចុះឈ្មោះបោះឆ្នោត ចំពោះអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក។
សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/taxonomy/term/364 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រចាំថ្ងៃ។
សូមជម្រាបជូនថា តាមប្រតិទិនការងារ ការបិទការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជុំវាយតម្លៃការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១៕ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕