នាយករដ្ឋមន្រ្តីកោះសាឡូម៉ុន ហៅកុបកម្មដែលបំបែកបំបាក់ប្រទេសថាជាការគ្រោងទុកដោយចេទនាអាក្រក់
នាយករដ្ឋមន្រ្តីនៃកោះសាឡូម៉ុន (Solomon) ដែលជាទឹកដីរងគ្រោះដោយកុបកម្មនិយាយប្រឆាំងនឹងសម្ពាធឱ្យលោកលាលែងចេញពីតំណែងកាលពីថ្ងៃអាទិត្យ ដោយថាអំពើហិង្សាដែលវាយលុករដ្ឋធានីត្រូវបានរៀបចំដោយមនុស្សពីរបីនាក់ជាមួយនឹង «ចេតនាអាក្រក់» ដើម្បីផ្តួលរំលំលោក។
លោកនាយករដ្ឋមន្ត្រី Manasseh Sogavare និយាយក្នុងសុន្ទរកថាថា៖ «វាច្បាស់ណាស់ថាព្រឹត្តិការណ៍ថ្មីៗត្រូវបានគ្រោងទុកយ៉ាងល្អ និងរៀបចំដើម្បីដកខ្ញុំចេញពីតំណែងជានាយករដ្ឋមន្ត្រី សម្រាប់ហេតុផលដែលមិនអាចបញ្ជាក់បាន»។ លោកបន្តថា៖ «ខ្ញុំចង់បង្ហាញប្រជាជាតិថា រដ្ឋាភិបាលមានចេតនាពេញលេញ ហើយមិនមានអ្វីអាចជំរុញយើងបានឡើយ។ យើងត្រូវតែ និងនឹងមិនចុះចាញ់ចំពោះចេតនាអាក្រក់របស់មនុស្សពីរបីនាក់ឡើយ»។
លោក Sogavare ធ្លាប់ស្តីបន្ទោសអំពើហិង្សាដែលមានរយៈពេលបីថ្ងៃ ក្នុងអំឡុងពេលដែលក្រុមកុបកម្មដុតបំផ្លាញរដ្ឋធានី Honiara មុនពេលភាពចលាចលបាត់ទៅវិញនៅចុងសប្តាហ៍ លើមនុស្សមួយចំនួនដែលមិនសមហេតុផល ដែលនាំឱ្យអ្នកដទៃវង្វេងជាមួយនឹងព័ត៌មានមិនពិត។
នាយករដ្ឋមន្រ្តីរូបនេះនិយាយថា អំពើហិង្សាដែលផ្តោតលើឆៃណាថោន (Chinatown) ក្នុងរដ្ឋធានី បណ្តាលឱ្យខូចខាតប្រាក់២៥ លានដុល្លារ និងបំផ្លាញការងារចំនួន ១ ០០០ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសដុនដាបស្រេចទៅហើយដោយសារតែវីរុសកូរ៉ូណា។
ប្រតិបត្តិការបោសសម្អាតចាប់ផ្តើមនៅក្នុងរដ្ឋធានី ខណៈដែលទាហាន និងប៉ូលិសមកពីប្រទេសអូស្ត្រាលី និងប៉ាពូអាស៊ីនូវែលហ្គីណេ ជួយធ្វើឱ្យស្ថានភាពមានសភាពស្ងប់ស្ងាត់ឡើងវិញ បន្ទាប់ពីកុបកម្មដ៏ខ្លាំងក្លាផ្ទុះឡើងជាច្រើនថ្ងៃ។
មន្ត្រីកាកបាទក្រហមលោក Kennedy Waitara ប្រាប់ទីភ្នាក់ងារព័ត៌មាន អា អេហ្វ ប៉េ ថា៖ «ស្ថានភាពបានស្ងប់ស្ងាត់ហើយ មនុស្សក៏ធ្វើដំណើរជាធម្មតា ប៉ុន្តែបរិស្ថាននៅតែមិនទាន់ដឹងនៅឡើយទេ»។ លោកថា ហាងលក់អាហារជាច្រើនត្រូវបានដុតបំផ្លាញនៅក្នុងកុបកម្ម។
លោក Waitara និយាយថា៖ «វានឹងមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ប្រសិនបើយើងជួបនឹងការខ្វះខាតស្បៀងអាហារ និងការឡើងថ្លៃទំនិញ។ ភាពអត់ការងារធ្វើពិតជានឹងកើនឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ»។
កុបកម្មបានផ្ទុះឡើងកាលពីថ្ងៃពុធ បន្ទាប់ពីក្រុមអ្នកតវ៉ាព្យាយាមសម្រុកចូលសភារបស់ប្រទេសក្នុងកោះប៉ាស៊ីហ្វិកមួយនេះ ដោយជំរុញឱ្យប៉ូលីសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ បន្ទាប់មក ក្រុមបាតុករដុតអគារនានា រួមទាំងប៉ុស្តិ៍ប៉ូលិស និងហាងលក់ទំនិញ។ គិតត្រឹមថ្ងៃសុក្រ ប៉ូលីសចាប់ខ្លួនមនុស្សជាង ១០០ នាក់ ខណៈអគារចំនួន ៥៦ ខ្នងក្នុងរដ្ឋធានីត្រូវបានដុតបំផ្លាញ និងលួច។
ប្រភព៖ Aljazeera