បារបាដូសត្រៀមដកព្រះមហាក្សត្រីអង់គ្លេសចេញពីប្រមុខរដ្ឋ ហើយបង្កើតសាធារណរដ្ឋ
នៅថ្ងៃអង្គារ ទី៣០នេះ ប្រទេសបារបាដូសនឹងក្លាយជាសាធារណរដ្ឋមួយ បន្ទាប់ពីពួកគេដកព្រះមហាក្សត្រីអង់គ្លេសចេញពីតំណែងជាប្រមុខរដ្ឋ ដោយអង្គអភិបាល និងតំណាងរបស់ព្រះមហាក្សត្រីអង់គ្លេសលោកស្រីសាន់ដ្រា មេសូន ត្រូវបានសភាបារបាដូសតែងតាំងជាប្រធានាធិបតី។
ប្រទេសបារបាដូសបានទទួលឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ ១៩៦៦ ប៉ុន្តែរហូតមកដល់ពេលនេះបានរក្សាព្រះមហាក្សត្រីអេលីសាបិតជាប្រមុខរដ្ឋ ដូចក្នុងករណីអតីតអាណានិគមអង់គ្លេសមួយចំនួន ដែលរួមមានកាណាដា និងអូស្ត្រាលី។
រដ្ឋាភិបាលបារបាដូសបានគ្រោងរៀបចំការប្រារព្ធពិធីបង្កើតសាធារណរដ្ឋដើម្បីស្របនឹងថ្ងៃបុណ្យឯករាជ្យបារបាដូសថ្ងៃទី ៣០ វិច្ឆិកា។ រជ្ជទាយាទរាជបល្ល័ង្កអង់គ្លេសព្រះអង្គម្ចាស់សាល នឹងចូលរួមក្នុងការប្រារព្ធពិធីនេះ។
ការស្ទង់មតិប្រជាជនមួយចំនួននៅលើរដ្ឋធានីកោះនេះ បានរកឃើញថាពួកគេនៅតែមិនទាន់យល់អំពីអត្ថន័យនៃការផ្លាស់ប្ដូរពីរបបរាជនិយមទៅជាសាធារណរដ្ឋ និងថាតើអាចនឹងប៉ះពាល់អ្វីខ្លះដល់ពួកគេ។
គេរំពឹងថាការផ្លាស់ប្ដូរនេះនឹងមិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់លើពាណិជ្ជកម្ម ឬស្ថានភាពសេដ្ឋកិច្ចទាំងមូលរបស់កោះនេះទេ។ វិស័យទេសចរណ៍ ដែលជាភ្នែកដ៏សំខាន់របស់សេដ្ឋកិច្ចបារបាដូស បានធ្លាក់ចុះយ៉ាងខ្លាំងទៅហើយ ដោយសារការរីករាលដាលរបស់ជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក៕
ប្រភព៖ Reuters