អង់គ្លេសត្រូវការកិច្ចពិភាក្សាវិបត្តិអន្តោប្រវេសន៍ «បន្ទាន់» ជាមួយអឺរ៉ុប ក្រោយពេលមានការបដិសេធមិនឱ្យចូលរួម
រដ្ឋាភិបាលចក្រភពអង់គ្លេសលើកឡើងថាពួកគេចង់បានកិច្ចពិភាក្សា «បន្ទាន់» ជាមួយរដ្ឋមន្ត្រីបណ្ដាប្រទេសអឺរ៉ុបនៅសប្ដាហ៍នេះ ជុំវិញវិបត្តិជនអន្តោប្រវេសន៍នៅច្រកសមុទ្រអង់គ្លេស បន្ទាប់ពីត្រូវបដិសេធមិនឱ្យចូលរួមក្នុងកិច្ចប្រជុំនៅប្រទេសបារាំង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសបែលហ្សិក បារាំង អាល្លឺម៉ង់ និងហូឡង់ រួមជាមួយនិងមន្ត្រីមកពីសហភាពអឺរ៉ុប ទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប Frontex និងទីភ្នាក់ងារប៉ូលិស Europolនឹងធ្វើកិច្ចប្រជុំនៅថ្ងៃអាទិត្យខាងមុខនេះនៅទីក្រុងកាលីស ប្រទេសបារាំង បន្ទាប់ពីជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ២៧ នាក់បានលង់ទឹកស្លាប់នៅច្រកសមុទ្រអង់គ្លេសកាលពីថ្ងៃពុធសប្ដាហ៍មុន ខណៈពេលដែលពួកគេកំពុងព្យាយាមឆ្លងកាត់ពីបារាំងទៅអង់គ្លេស។
ការអញ្ជើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រីព្រីត ប៉ាតេលឱ្យចូលរួមក្នុងកិច្ចប្រជុំនេះត្រូវបានលុបចោល បន្ទាប់នាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុន បានធ្វើការចុះផ្សាយលិខិតមួយ ដែលលោកបានផ្ញើជូនប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រូន ដែលក្នុងនោះលោកបានកំណត់ការទាមទាររបស់ទីក្រុងឡុងដ៍សម្រាប់សកម្មភាពរួមគ្នាលើបញ្ហាជនភៀសខ្លួន។
បើទោះជាយ៉ាងនេះក៏ដោយលោកស្រីប៉ាតេលបាននិយាយថាលោកស្រីនឹងនៅតែជួបជាមួយមន្ត្រីអឺរ៉ុបនៅសប្ដាហ៍នេះ ប៉ុន្តែក្រសួងមហាផ្ទៃអង់គ្លេសនៅមិនទាន់បញ្ជាក់ថានរណានឹងចូលរួមកិច្ចប្រជុំនេះ ហើយនឹងធ្វើឡើងនៅពេលណា និងនៅទីណា។
ចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រអង់គ្លេសតាមរយៈទូកតូចៗរបស់អ្នករត់ពន្ធមនុស្ស បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ខណៈពេលដែលមានការដាក់កម្រិតលើវិស័យអាកាសចរ។ បើទោះជាយ៉ាងនេះក៏ដោយ ចំនួនជនអន្តោប្រវេសន៍ធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសគឺទាប បើប្រៀបទៅនឹងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប៕
ប្រភព៖ Aljazeera