អង្គការសុខភាពពិភពលោក រិះគន់ការហាមប្រាមការធ្វើដំណើរលើប្រទេសអាហ្វ្រិកខាងត្បូង
អង្គការសុខភាពពិភពលោក កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យបណ្តាប្រទេសជុំវិញពិភពលោក មិនឱ្យដាក់បម្រាមជើងហោះហើរលើបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ទាក់ទិននឹងការភ័យខ្លាចពីវ៉ារ្យ៉ង់អូមីក្រុងថ្មី។
នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក WHO ប្រចាំទ្វីបអាហ្រ្វិក លោក Matshidiso Moeti បានអំពាវនាវឱ្យប្រទេសនានាអនុវត្តតាមវិទ្យាសាស្ត្រ និងបទប្បញ្ញត្តិសុខភាពអន្តរជាតិ ដើម្បីជៀសវាងការប្រើប្រាស់វិធានរឹតបន្តឹងការធ្វើដំណើរ។
លោក Moeti បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការរឹតបន្តឹងការធ្វើដំណើរ អាចដើរតួនាទីក្នុងការកាត់បន្ថយការរីករាលដាលនៃកូវីដបន្តិច ប៉ុន្តែវាអាចដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ជីវិត និងជីវភាពរស់នៅ។ ប្រសិនបើការរឹតបន្តឹងត្រូវបានអនុវត្ត មិនត្រូវហួសហេតុពេកនោះទេ ហើយគួរតែផ្អែកលើវិទ្យាសាស្ត្រ នៃបទប្បញ្ញត្តិសុខភាពអន្តរជាតិ ដែលទទួលស្គាល់ ដោយប្រទេសជាង ១៩០ ផងដែរ»។
លោក Moeti បានសរសើរអាហ្រ្វិកខាងត្បូង សម្រាប់ការអនុវត្តតាមបទប្បញ្ញត្តិសុខភាពអន្តរជាតិ និងជូនដំណឹងដល់អង្គការសុខភាពពិភពលោកភ្លាមៗ នៅពេល ដែលមន្ទីរពិសោធន៍ជាតិរបស់ខ្លួន បានកំណត់អត្តសញ្ញាណវ៉ារ្យ៉ង់នេះ។
គួរបញ្ជាក់ផងដែរថា ករណីនៃវ៉ារ្យ៉ង់អូមីក្រុង បានផ្ទុះឡើងនៅក្នុងប្រទេសនានានៅពិភពលោកកាលពីថ្ងៃអាទិត្យ ហើយរដ្ឋាភិបាលជាច្រើនបានប្រញាប់ប្រញាល់បិទព្រំដែនរបស់ពួកគេ ទោះបីជាអ្នកវិទ្យាសាស្ត្រ បានព្រមានថាវាមិនច្បាស់ថាតើវ៉ារ្យ៉ង់ថ្មីនេះគួរឱ្យព្រួយបារម្ភជាងវ៉ារ៉្យង់ផ្សេងៗទៀតក៏ដោយ។
ប្រភព៖ Politico