លោក គង់ គាំ កោតសរសើរលោក កឹម សុខា ដែលបានថ្កោលទោស សម រង្ស៊ី
ភ្នំពេញៈ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានកោតសរសើរ លោក កឹម សុខា ដែលបានថ្កោលទោស សម រង្ស៊ី (ដែលជាមេដឹកនាំ លោតហក់ ឆក់កណ្តៀត គ្រប់រឿង)ក្រៅគោលការណ៍ដោយអំពាវនាវឱ្យ លោក សមរង្ស៊ី និងសហការី ឈប់បំពានមកលើរូបលោក ដូចជា ការយកឈ្មោះ និងរូបថតលោក ពុំមានការអនុញ្ញាត ឬទទួលស្គាល់ពីលោកទៅប្រើភ្ជាប់ក្នុងសកម្មភាពនានា។ ជាពិសេស លោក កឹម សុខា បានអះអាងថា ការត្រឡប់ទៅគាំទ្រ ដោយចំហ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់ (មុនជាCNRP) របស់ពួកគេ គឺគណបក្ស(សម រង្ស៊ី/ភ្លើងទៀន) សរបញ្ជាក់ឱ្យឃើញថា សមរង្ស៊ី និងកឹម សុខា មិនមែនជាមនុស្សតែមួយទៀតនោះឡើយ។
លោក គង់ គាំ បានសរសេរនៅលើបណ្ដាញហ្វេសប៊ុកនៅថ្ងៃទី២៩ ខែវិច្ឆិកានេះថា ជាងបួនឆ្នាំ (២០១៧-២០២១) លោកតែងមានអារម្មណ៍ថា លោក កឹម សុខា ជាប់ក្លេរបស់ក្រុមអ្នកនយោបាយទុច្ចរិត ដែលប្រើវោហាសាស្ត្រ (សម រង្ស៊ី – កឹម សុខា ជាមនុស្សតែមួយ)ផង និង (សម្ងំយកមោទនភាព) ទាំងចាញ់ប្រៀបពួកបរទេស ដែលចូលជួបគាត់ ឬគាត់ចេញជួបគេ ដោយគេមានកាយវិការប្រលោមលើកទឹកចិត្ត មនុស្សពិត ដើម្បីប្រយោជន៍ភូមិសាស្ត្រនយោបាយពួកខ្លួន និងតាមការប្រើទណ្ឌកម្ម ការដាក់សម្ពាធលើកម្ពុជា គំរាមរដ្ឋាភិបាល រួមជាមួយការបង្កផលប៉ះពាល់ដល់សេរីភាព ដល់ការងារ និងដល់ជីវភាព កម្មករ ប្រជាពលរដ្ឋ ជាងការលើកតម្កើង គោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ទាំងនៅក្រុមប្រទេសពួកគេ កំពុងច្របូកច្របល់ខាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែរនោះ។
លោកបានបន្តថា តាមការជាក់ស្តែង ជាហូរហែរួចមកហើយនេះ យើងមិនជឿថា(CNRP/សម រង្ស៊ី-កឹម សុខា)ដែល មានអតីតកម្លាំងនយោបាយរបស់ខ្លួន ប្រកាសដំណើរការឡើងវិញក្រោមឈ្មោះ (មុនCNRP)និង(ក្រោយCNRP) ទាំងមិនហ៊ានអះអាងថា មានការពាក់ព័ន្ធជាមួយ(អតីតCNRP និងសម រង្ស៊ី-កឹម សុខា)នោះ មិនយល់ថា ជាការបែកបាក់ រាត់រាយ កំពុងរស់រវើក ដូចដង្កូវ មានជីវិតមិនវែង ដែលវារចេញពីសាកសព រលេះរលួយនោះទេ។ ប៉ុន្តែប្រហែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រកាសថា តាមកម្ទេចក្រុមបក្សប្រឆាំងឱ្យដល់ទីបញ្ចប់នោះ បានដឹងពីអ្វីជាក់ជាមិនខាន។
គណបក្សនយោបាយដែលពឹងឥទ្ធិពល ពឹងខ្យល់ ពឹងចំហាយ(ខ្លះ សម រង្ស៊ី)(ខ្លះ កឹម សុខា) បានបញ្ចូលអតីតអ្នកទោស ជាថ្នាក់ដឹកនាំ និងដាក់គោលដៅផ្សះផ្សា។ល។ ហើយមិនទាន់សម្រេចការចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នោះអាចគ្រាន់តែជាគណបក្សប្រមូលកម្លាំង ដើម្បីធ្វើសកម្មភាពកញ្ជ្រោកបោកបាចមួយចំនួនពិសេសទាមទារឱ្យទម្លាក់ការចោទប្រកាន់ឱ្យដោះលែងអ្នកនយោបាយជាប់ទោស។ល។ សម្រាប់ទាញយកការចាប់អារម្មណ៍ ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៣តែប៉ុណ្ណោះ៕
ដោយៈពលជ័យ