សិង្ហបុរី និងម៉ាឡេស៊ីចាប់ផ្ដើមបើកព្រំដែនដីគោក សម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំង
សិង្ហបុរី និងម៉ាឡេស៊ីចាប់ផ្ដើមបើកព្រំដែនដីគោក ក្រោមកម្មវិធីច្រកធ្វើដំណើរវ៉ាក់សាំង (VTL) ចាប់ពីថ្ងៃច័ន្ទនេះទៅ ដោយអ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងបានគ្រប់គ្រាន់ហើយ មិនចាំបាច់ធ្វើចត្តាឡីស័កទៀតឡើយ។
បើយោងតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលសិង្ហបុរី នៅក្នុងជំហានទីមួយនេះ ដើម្បីចេញ-ចូលម៉ាឡេស៊ី ឬ សិង្ហបុរី ដោយមិនឆ្លងកាត់ចត្តាឡីស័ក អ្នកដំណើរទាំងអស់ត្រូវតែធ្វើដំណើរតាមរថយន្តក្រុង ដែលកំណត់ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្នុងមួយថ្ងៃៗ នឹងមានរថយន្តសរុបចំនួន ៣២ជើង ដើម្បីដឹកជញ្ជូនអ្នកដំណើរឆ្លងកាត់ស្ពានចម្ងាយ ១គីឡូម៉ែត្រ ដែលផ្សារភ្ជាប់ប្រទេសទាំងពីរ។
ចំណែកឯអ្នកដែលប្រើប្រាស់យានយន្តផ្ទាល់ខ្លួន អាចនឹងប្រឈមនឹងវិធានការចាំបាច់ណាមួយ ដោយក្នុងនោះដែរ ក៏រួមមានទាំងការធ្វើចត្តាឡីស័កក្នុងកន្លែងស្នាក់នៅរយៈពេល ៧ថ្ងៃផងដែរ។
បន្ថែមពីលើនេះទៀត ការឆ្លងកាត់ក្រោមច្រក VTL នេះធ្វើឡើងតែសម្រាប់ពលរដ្ឋ និងអ្នកស្នាក់នៅអចិន្ត្រៃយ៍នៅសិង្ហបុរី និងម៉ាឡេស៊ីប៉ុណ្ណោះ ហើយអ្នកដំណើរចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ត្រូវតែធ្វើតេស្តកូវីដ-១៩ រយៈពេល ២ថ្ងៃមុនចេញដំណើរ។
ជាមួយគ្នានេះដែរ អ្នកដំណើរទាំងអស់ត្រូវតែចាក់វ៉ាក់សាំងឱ្យបានពេញលេញរយៈពេល ១៤ថ្ងៃមុននឹងចេញដំណើរ៕
ប្រភព៖ Reuters