អង្គការសុខភាពពិភពលោក (WHO)៖ វីរុសកូវីដ-១៩បំប្លែងថ្មី “អូមីក្រុង” មានហានិភ័យខ្ពស់ឮ
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង មានហានិភ័យខ្ពស់ដែលអាចធ្វើឲ្យករណីឆ្លងថ្មីៗកើនឡើខ្លាំង ក្នុងគ្រាដែលការបិទព្រំដែនដោយប្រទេសកាន់តែច្រើន កំពុងក្លាយជាបញ្ហាចំពោះការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញពីជំងឺរាតត្បាតសកល ដែលបានអូសបន្លាយអស់ពីរឆ្នាំមកហើយ។
អង្គការ WHO បានណែនាំសមាជិកទាំង ១៩៤ប្រទេសរបស់ខ្លួនថា ការកើនឡើងនៃករណីឆ្លងណាមួយបង្កឡើងដោយវីរុសអូមីក្រុង អាចនឹងក្លាយជាករណីធ្ងន់ធ្ងរ ប៉ុន្តែរហូតមកទល់នេះ ពុំទាន់មានករណីស្លាប់ណាមួយដោយសារកូវីដ១៩ មានជាប់ពាក់ព័ន្ធនឹងវីរុស អូមីក្រុង នៅឡើយទេ។ បើតាមអង្គការ WHO វីរុសអូមីក្រុង កើតចេញពីការបំប្លែងខ្លួនច្រើនលើក ដែលយើងពុំធ្លាប់បានឃើញកន្លងមកចំពោះវីរុស ហើយប្រាកដណាស់ វាអាចមានសក្តានុពលបង្កឲ្យសោកនាដកម្មនៃជំងឺរាតត្បាតសកលកូវីដ១៩កាន់តែរីកធំឡើង។ បន្ថែមលើនេះ អង្គការ WHO បានសង្កត់ធ្ងន់ថា ហានិភ័យជាសកលពាក់ព័ន្ធនឹងវីរុសអូមីក្រុង គឺពិតជាខ្ពស់ណាស់។
ជុំវិញបញ្ហាខាងលើនេះដែរ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិទាំងតូចទាំងធំនៅលើពិភពលោកបានចាត់វិធានការភ្លាមៗកាលពីសប្តាហ៍មុន ដើម្បីតាមដានលើអ្នកដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេដឹងថា ជាអ្នករកឃើញវីរុសបំប្លែងថ្មី អូមីក្រុង នេះមុនគេ។ ការចាត់វិធានការភ្លាមៗនេះ គឺត្រូវបានចាត់ទុកថា ជាការរួមចំណែកជួយទប់ទល់នៅក្នុងដំណាក់កាលបឋម ដើម្បីកុំឲ្យវីរុសថ្មីននេះរីករាលដាលទៅប្រទេសផ្សេងៗទៀត៕ ប្រភព៖ CNA
![](https://asset.ams.com.kh/central/media/rawImage-7-1024x738.jpg)
![](https://asset.ams.com.kh/central/media/k9mafahg_brazil-covid_625x300_14_April_21-1024x630.webp)