តៃវ៉ាន់មានបំណងពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបខាងកើត ជាពិសេសបណ្ដាប្រទេសឈូងសមុទ្របាលទិក (Baltic)

អត្ថបទដោយ៖
AMS OneMinute

តៃវ៉ាន់មានបំណងពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបខាងកើត ជាពិសេសបណ្ដាប្រទេសឈូងសមុទ្របាលទិក (Baltic) រួមមានលីទុយអានី អេស្តូនី និងឡាតវី ស្របពេលដែលប្រតិភូសមាជិកសភាមកពីប្រទេសទាំងបីនេះ មកបំពេញទស្សនកិច្ចនៅតៃវ៉ាន់។

ប្រតិភូសមាជិកសភាចំនួន ១០រូបមកពីប្រទេសទាំង ៣ខាងលើ ដោយក្នុងនោះមកពីលីទុយអានីចំនួន ៦រូប ធ្វើទស្សនកិច្ចនៅតៃវ៉ាន់រយៈពេល ៨ថ្ងៃ ដើម្បីចូលរួមក្នុងវេទិកាសភាបើកចំហ។

អំឡុងពេលជួបពិភាក្សាគ្នា អ្នកស្រី Tsai Ing-wen បានលើកឡើងថា៖ “តៃវ៉ាន់ និងប្រទេសក្នុងឈូងសមុទ្របាល់ទិក សុទ្ធតែធ្លាប់ស៊ូទ្រាំនឹងការរស់នៅក្រោមរបបផ្ដាច់ការ ហើយក្រោមបុព្វហេតុនៃការប្រយុទ្ធដើម្បីសេរីភាព និងរៀនសូត្រពីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ”។

ការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងរបស់តៃវ៉ាន់បែបនេះ ធ្វើឡើងក្រោយមហាអំណាចចិន មានភាពល្អក់កករផ្នែកការទូតជាមួយប្រទេសលីទុយអានី។

សព្វថ្ងៃ គេសង្កេតឃើញពីវឌ្ឍនភាពនៃទំនាក់ទំនងរវាងតៃវ៉ាន់ និងប្រទេសលីទុយអានី ដោយលីទុយអានីបានបានបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ប្រមាណ ២៥ម៉ឺនដូសដល់តៃវ៉ាន់ និងអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាងនៅក្នុងរដ្ឋធានីរបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះ “តៃវ៉ាន់” តែម្ដង ដែលផ្ទុយទៅនឹងប្រទេសអឺរ៉ុបផ្សេងៗ រួមទាំងអាមេរិកផងដែរ ដែលឱ្យប្រើប្រាស់ត្រឹមតែការិយាល័យតំណាង “ក្រុងតៃប៉ិ” តែប៉ុណ្ណោះ។

ប្រភព៖-ការិយាល័យប្រធានាធិបតីតៃវ៉ាន់

ads banner