ស្រុកស្រីស្នំ មានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើនកន្លែង អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលទៅទស្សនា

បច្ចុប្បន្នប្រជាពលរដ្ឋក្នុងប្រទេសនៅតែបន្តសកម្មភាពធ្វើដំណើរកម្សាន្តតាមកន្លែងរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ក៏ដូចតាមបណ្តាស្រុកមួយចំនួន ហាក់មានកើនឡើងជាខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសឡើងវិញ ។ ស្រុកស្រីស្នំ ក្នុងចំណោមស្រុកគោលដៅទេសចរណ៍ នៃខេត្តប៉ែកពាយ័ព្យមួយ ដែលមានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ហើយក៏ស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេចទទួលយកភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញឲ្យចូលក្នុងប្រទេស។

ជាក់ស្តែងនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមយុវជនស្រុកស្រីស្នំចំនួន ១៤នាក់ បានបោះតង់សម្រាកលំហែកាយនាពេលយប់នៅទំនប់ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង ។ ពេលព្រឹកជិះកង់ឡើងជួរភ្នំស្រីស្នំ ស្ថិតនៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប និងតាមវាលស្រែ តាមរមណីយដ្ឋាននានាផងដែរ ។

ជាមួយគ្នានោះ លោក ថា ប៊ុនធឿន តំណាងក្រុមយុវជន បានឲ្យដឹងថា ចំពោះការដើរកំសាន្តលក្ខណៈគ្រួសារក្តី ជាក្រុមៗក្តីទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិនានានៅក្នុងស្រុកស្រីស្នំនោះ ពាក់ព័ន្ធសន្តិសុខសុវត្ថិភាព គឺមិនមានការព្រួយបារម្មណ័ឡើយ ដោយសារតែមានអាជ្ញាធរដែនដីពួកគាត់មានការទទួលខុសត្រូវខ្ពស់ ដូច្នេះការបោះតង់សម្រាកលំហែកាយ និងការជិះកង់កំសាន្តតាមតំបន់រមណីយដ្ឋានមិនភ័យខ្លាចដូចអ្វីដែលគេគិតទេ យើងត្រូវចូលរួមបំផុសចលនាទេសចរណ៍ក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសខេត្តសៀមរាបឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

លោក ជា រតន ស្ថាបនិកស្រីស្នំភូមិខ្ញុំ បានលើកឡើងថា ការបង្កើតនៅរមណីយដ្ឋានស្រីស្នំភូមិខ្ញុំនេះ យើងចាប់ផ្តើមបើកសាកល្បងអស់រយ:ពេលជិតមួយឆ្នាំកន្លងមក ហើយដោយមានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ និងអាជ្ញាធរពាក់ព័ន្ធទើបធ្វើឲ្យរមណីយដ្ឋានមួយនេះ អាចដំណើរការបានរហូតមកដល់បច្ចុប្បន្ន ដែលជាចំណែកចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋចំណាកស្រុក ក៍ដូចជាជួយដល់សេដ្ឋកិច្ចប្រទេសជាតិយើងជាដើម។

លោក បន្តថា នៅទីនេះ យើងមានសេវាកម្មល្អប្រកបដោយផាសុខភាព តម្លៃសមរម្យអាចទទួលយកបាន មានកន្លែងបោះតង់ កន្លែងថតរូបអនុស្សាវរីយ៍ស្អាតៗ យើងគយគន់មើលទេសភាពដ៏ស្រស់ត្រកាល សាករសជាតិម្ហុបឆ្ងាញ់ៗ អ្វីជាពិសេសនោះ យើងមានគម្រោងបង្កើតសហគមន៍កសិទេសចរណ៍ដែលមានផលប្រយោជន៍រួមទាំងអ្នកលក់ទាំងអ្នកទិញ ផ្នែកវិស័យកសិកម្ម មិនថាដំណាំហូបផ្លែ ឬបន្លែត្រីសាច់ ដែលប្រជាជនយើងអាចផលិតបានគ្រប់បែបយ៉ាង យើងជួយទិញពួកគាត់ផង នឹងជួយរកទីផ្សារឲ្យពួកគាត់ផង ។

លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ មានប្រសាសន៍ជម្រុញឲ្យដៃគូរ និងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនវិស័យឯកជន អាចមកជួយ ឬក៏មកវិនិយោគនៅក្នុងស្រុកស្រីស្នំនេះ ដើម្បីឲ្យប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ដែលមានសក្តានុពលជាច្រើនកន្លែង ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋា ហើយក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីទាក់ទាញអ្នកទេសចរណ៍គ្រប់មជ្ឈដ្ឋាន ឲ្យមកសិក្សាស្វែងយល់ផងដែរ ។

គួរបញ្ជាក់ថា នៅយប់ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូល ឆ្នាំ២០២២នេះ នៅរមណីយដ្ឋានស្រីស្នំភូមិខ្ញុំ រៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយៗ គឺក្រុមយុវជនបោះតង់ ក្រុមតន្ត្រីស្គរដៃ និងមានកម្មវិធីជាច្រើនថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងមាន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានទៅចូលរួមកកំសាន្តផងដែរ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner