តំណាង UNDP ថ្មីប្ដេជ្ញាបន្តសហការជាមួយកម្ពុជាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនានា

តំណាង UNDP ថ្មីប្រចាំកម្ពុជា បានលើកឡើងជាការប្ដេជ្ញាថា UNDP នឹងបន្តកិច្ចសហការជាមួយកម្ពុជា និងបន្តការគាំទ្រដល់កិច្ចការជាច្រើន ដើម្បីរួមចំណែកជួយឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យនានា។ ការលើកឡើងបែបនេះ ធ្វើឡើងកំឡុងពេលដែលលោកស្រី អាលីសា ឆាគ័រ តំណាងប្រចាំប្រទេស កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួសមជាមួយ រដ្ឋមន្រ្តីក្រសួងផែនការ។

នាឱកាសចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី ៣០ ខែវិច្ឆិកានេះ លោកស្រី អាលីសា ឆាគ័រ ជាតំណាង UNDP ថ្មីប្រចាំកម្ពុជា បានលើកឡើងជាការសប្បាយចិត្តដែលបានមកបំពេញ ការងារនៅប្រទេសកម្ពុជា។ លោកស្រីបន្តថា ក្នុងនាមជាតំណាង UNDP ថ្មីប្រចាំកម្ពុជា លោកស្រីនឹងបន្តកិច្ចសហការ ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបន្តសហការជាមួយក្រសួងផែនការ ក្នុងរៀបចំផែនការយុទ្ធសាស្រ្តនានា ដើម្បីសម្រេចឱ្យបាននៅចក្ខុវិស័យនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបានលើកឡើងដែរថា សម្រាប់ UNDP គឺនឹងទ្រទៅដល់ជាច្រើនវិស័យ ដោយរាប់បញ្ចូលទាំងបញ្ហាបរិស្ថាន បញ្ហាសង្គម បញ្ហាសេដ្ឋកិច្ច រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយឱ្យកម្ពុជាកាន់តែរឹងមាំក្នុងការប្រកួតប្រជែងក្នុងឆាកអន្តរជាតិ និងជាពិសេសក្នុងការសម្រេចគោលដៅឆ្នាំ ២០៣០ និងឆ្នាំ២០៥០របស់កម្ពុជា។

ទន្ទឹមនឹងការលើកឡើងពីការបន្តការងារជាមួយក្រសួងផែនការ ក៏ដូចជាកម្ពុជាទាំងមូល លោកស្រីតំណាង UNDP ក៏បានកោតសសើរដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជាដែលសម្រេចលទ្ធផលយ៉ាងល្អប្រសើរ។ លោកស្រីក៏បានកោតសសើរដល់ក្រសួងផែនការផងដែរ សម្រាប់កិច្ចការកំណត់អត្តសញ្ញាណជនក្រីក្រ លោកស្រីថា កិច្ចការនេះជាជោគជ័យនិងជាគម្រូល្អសម្រាប់ប្រទេសដទៃ។

នាឱកាសដដែលនេះ ឯកឧត្តមកិត្តិសដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ក៏បានថ្លែងអំណរគុណ និងស្វាគមចំពោះវត្តមានរបស់លោកស្រី អាលីសា ឆាគ័រ ដែលជាតំណាងUNDPប្រចាំកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា ចាប់តាំងពីក្រោយបោះឆ្នោតឆ្នាំ ១៩៩៣មក រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចការជាច្រើន ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍ ជាពិសេសអង្គការដែលស្ថិតក្រោមអង្គការសហប្រជាជាតិដូចជា UNDP ជាដើម។ ឯកឧត្តមទេសរដ្ឋមន្រ្តីលើកឡើងបន្ថែមថា UNDP កន្លងមកបានជួយគាំទ្រដល់ ក្រសួងផែនការជាច្រើន ជាពិសេសក្នុងការរៀបចំឯកសារ ផែនការយុទ្ធសាស្រ្តសំខាន់ៗសម្រាប់ការអភិវឌ្ឍកម្ពុជា។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner