សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសរៀបចំការប្រកួត ដល់មន្រ្តីរបស់ខ្លួន ដើម្បីជម្រុញជំនាញបន្ថែមអោយស្របតាមស្តង់ដាអន្តរជាតិ

លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា បានបញ្ជាក់ប្រាប់ អ្នកយកព័ត៌មានទូរទស្សន៍អប្សរា កាលពីថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត ជូនដល់មន្រ្តីបច្ចេកទេស លោកគ្រូអ្នកគ្រូ និងកីឡាករ កីឡាការិនី នៅខេត្តកែបរយៈពេល៥ថ្ងៃ ដើម្បីបង្កើនពុទ្ធិបន្ថែមឈានទៅរៀបចំការប្រកួតកម្រិតស្តង់ដាអន្តរជាតិ។


អគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះ បង្ហាត់បង្រៀនដោយគ្រូឧទ្ទេសកម្រិតអន្តរជាតិចំនួន២រូប តាមប្រព័ន្ធបច្ចេកវិទ្យា ZOOM ។ លោក អះអាងថា នេះជាវគ្គទី២ហើយ ដែលសហព័ន្ធបានរៀបចំ ក្នុងគោលបំណងជម្រុញសមត្ថភាពមន្រ្តីបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតស្តង់ដាអន្តរជាតិស្របតាមស្តង់ដាកំណត់របស់សហព័ន្ធទ្រីអាត្លុងអន្តរជាតិ ដើម្បីអភិវឌ្ឍអោយក្លាយជាមន្រ្តីជំនាញត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


លោកអគ្គលេខាធិការ ខាងលើ ពន្យល់ថា វគ្គនេះមានសារៈសំខាន់ណាស់ ព្រោះមិនត្រឹមតែជួយឲ្យសិក្ខាកាមទទួលជំនាញរៀបចំការប្រកួតប្រកបដោយស្តង់ដាអន្តរជាតិ ប៉ុណ្ណោះទេ ពោលជួយឲ្យកីឡាករកីឡាការិនីជម្រើសជាតិស្គាល់ច្បាប់នៃការប្រកួតរបស់អន្តរជាតិទៀតផង។


សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតនេះ មានសិក្ខាកាមចូលរួមចំនួន២៥នាក់ ក្នុងនោះកីឡាករ កីឡាការិនីជម្រើសជាតិកីឡាទ្រីអាត្លុងចូលរួមចំនួន១៤នាក់ និងលោកគ្រូអ្នកគ្រនៅខេត្តកែបចំនួន១១នាក់ សិក្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។
គួររំលឹកថា វគ្គបណ្តុះបណ្តាលនេះ គឺជាលើកទី២ ដោយលើកទី១រៀបចំ ក្នុងឆ្នាំ២០១៧ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner