ពិធីបើកការចុះវាយតម្លៃ ផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា
រាជធានីភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានរៀបចំពិធីបើក ការចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា ដែលមានគោលបំណងលើកកម្ពស់ និងពង្រឹងគុណភាពអប់រំឧត្តមសិក្សា ដើម្បីធ្វើឱ្យគ្រឹះស្ថានទទួលបាននូវការជឿទុកចិត្តពីភាគីពាក់ព័ន្ធ ជាពិសេសនិស្សិត។
កម្មវិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា អមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសាកលវិទ្យាធិការ អគ្គលេខាធិការ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា មន្ត្រីវាយតម្លៃគុណភាពអប់រំ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង គណៈគ្រប់គ្រងទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ក្នុងឱកាសនោះឯកឧត្ដមបានមានប្រសាសន៍ថាដើម្បីឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡាបានអភិវឌ្ឍចក្ខុវិស័យឧត្តមសិក្សា ២០៣០ ដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីតួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សា ក្នុងការធានាគុណភាពអប់រំនៅកម្ពុជា។
ឯកឧត្ដមបណ្ឌិត បានបន្ថែមថា ការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ គឺភាពចាំបាច់បំផុត ដើម្បីលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សាឱ្យកាន់តែប្រសើរឡើង។ ប្រសិនបើគ្មានការចូលរួមនោះទេ ការពង្រឹងគុណភាពអប់រំឧត្តមសិក្សាពុំអាចដំណើរការបាននោះទេ។ ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះការខិតប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាគ្រឹះស្ថានឧត្តមសិក្សា មន្រ្តីវាយតម្លៃ និងភាគីពាក់ព័ន្ធ ក្នុងការចូលរួមលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សាឱ្យកាន់តែប្រសើរឡើង៕ដោយ-រ៉ាវុធ