សាលាបឋមសិក្សានិង វិទ្យាល័យ ហ៊ុន សែន មិត្តភាព បានប្រែក្លាយជាសាលាមេត្រីបរិស្ថានលេចធ្លោក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖សាលាបឋមសិក្សានិង វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្នុងខេត្តព្រះសីហនុគឺ ជាសាលារៀនធ្លាប់បានទទួលជ័យលាភីមាសក្នុងកម្មវិធីប្រកួតសាលាមេត្រីបរិស្ថានថ្នាក់ជាតិ លើកទី៣ នាឆ្នាំ ២០២១នេះ។ កម្មវិធីប្រកួតសាលាមេត្រីបរិស្ថានគឺ ដើម្បីលើកទឹកចិត្តនិងជំរុញឲ្យសាលារៀនមានគោលការណ៍អនុវត្តលើការងារបរិស្ថាន ប្រកបដោយនិរន្តភាព ដែលជាផ្នែកមួយក្នុងការបង្រៀន និងការអនុវត្តផ្ទាល់នៅក្នុងសាលារៀន។
សាលាបឋមសិក្សានិង វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្នុងខេត្តព្រះសីហនុបានប្រែក្លាយពីសាលារៀនដែលពុំមានអ្វីសោះមកជាសាលាប្រកបទៅដោយ សកម្មភាពអភិវឌ្ឍន៍បរិស្ថាន ដូចជា រៀបចំសួនផ្កា ដាំដំណាំ និងដើមឈើ ក៏ដូចជាបំពាក់ប្រព័ន្ធប្រើពន្លឺព្រះអាទិត្យសម្រាប់ប្រើប្រាស់ក្នុងសាលា។
អ្វីជាការកត់សម្គាល់ក្នុងសាលារៀនមួយកន្លែងនេះក៏មានសួនជីវៈចម្រុះព្រឹទ្ធាចារ្យ ជុំ ហ៊ុល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ ដែត្រូវបានរៀបចំឱ្យមានសោភណ្ឌភាពមានកន្លែងអានសៀវភៅស្ងប់ស្ងាត់ល្អប្រកបដោយផាសុកភាព។ ការរៀបចំសួនទាំង២នេះដែរគឺដើម្បីឱ្យរំលឹកដល់ព្រឹទ្ធាចារ្យនៃអតីតថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា អ្នកមានគុណចំពោះជាតិ ពិសេសក្នុង ខេត្ត ព្រះសីហនុ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងក្នុងពេលដឹកនាំក្រុមអ្នកសារព័ត៌មានទស្សនៈកិច្ចនៅសាលាបឋមសិក្សានិង វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុងខេត្តព្រះសីហនុថាការប្រតិបត្តិមេត្រីបរិស្ថាននៅតាមសហគមន៍នឹងធ្វើឱ្យសហគមន៍មានអនាម័យ និង សោភ័ណភាពល្អ និងមានបរិស្ថានល្អ ស្របតាមគោលនយោបាយជាតិ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថាកម្មវិធីសាលាមេត្រីបរិស្ថាននេះត្រូវបានចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០១៦មក ដោយមានសកម្មភាពបណ្តុះបណ្តាល ផ្សព្វផ្សាយ និងការរៀបចំកម្មវិធីប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិនៅរៀងរាល់២ឆ្នាំម្តង ហើយគិតមកទល់បច្ចុប្បន្នក្រសួងបានរៀបចំការប្រឡងប្រណាំងនេះបានចំនួន៣លើករួចមកហើយ។
លោក ស៊ុយ ស៊ីរ៉ាដេត នាយកសាលាបឋមសិក្សាហ៊ុនសែន មិត្តភាព បានបញ្ជាក់ឱ្យដឹងថាការរៀបចំសាលាមេត្រីបរិស្ថាននេះគឺដើម្បីបណ្តុះផ្តត់គំនិតឱ្យកុមារស្រឡាញ់បរិស្ថាន ហើយទាំងសិស្សានុសិស្ស និងសហគមន៍ឱ្យចូលរួមក្នុងប្រតិបត្តិល្អចំពោះបរិស្ថាន។
លោកថាការបង្កើតកម្មវិធីនេះគឺបានជួយបណ្តុះផ្តត់គំនិតសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បង្កើនការស្រលាញ់បរិស្ថាន រួមគ្នាអភិរក្សធនធានធម្មជាតិ គ្រប់គ្រងអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោក អេង ឡុង នាយករងនៃវិទ្យាល័យ ហ៊ុនសែន មិត្តភាព បានឱ្យដឹងដែរថា សិស្សនៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានចំនួនសរុប១៧២១នាក់(ស្រី៨៦៧) ហើយការដែលសាលា បានទទួលជ័យលាភីមាសក្នុងកម្មវិធីប្រកួតសាលាមេត្រីបរិស្ថានថ្នាក់ជាតិនេះដោយសារការអនុវត្តគម្រោង៥យ៉ាងរបស់ក្រសួងអប់រំក្នុងនេះមានដូចជា៖ស្អាត របៀប សុភាព ទៀងពេល និងសមាធិ។តាមរយៈការអនុវត្តគម្រោងទាំងនេះធ្វើឱ្យសាលាសម្រេចជោគជ័យពិសេសក្នុងអំឡុងជំងឺកូវីដ១៩កន្លងមក។
ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន។
គួរបញ្ជាក់ថា នៅឆ្នាំ២០២១ នេះមានសាលាបឋមសិក្សាចំនួន២៩ និងវិទ្យាល័យចំនួន១៩ តំណាងទូទាំងប្រទេសបានចូលរួមប្រកួតសាលាមេត្រីបរិស្ថាន ក្នុងនោះសាលាបឋមសិក្សាចំនួន៣និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១ ។ សម្រាប់លក្ខខណ្ឌវិនិច្ឆ័យសាលាមេត្រីបរិស្ថានមាន ៤ចំណុចរួមមាន ទី១. មានគោលការណ៍និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន ទី២. មានការបង្រៀនមេរៀនបរិស្ថាននិងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប) ទី៣. មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន និងទី៤. មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធនិងការផ្សព្វផ្សាយតាមសហគមន៍ ៕ដោយ៖ម៉ាដេប៉ូ