អង្គការ AHF ថា ពិភពលោក នៅតែព្រួយបារម្ភពីការឆ្លងជំងឺអេដស៍ និងជំងឺឆ្លងរាតត្បាតដទៃ
ក្រុមអង្គការ AHF បាននាំគ្នាជិះកង់ ដើម្បីប្រារព្ធទិវាជំងឺអេដស៍ពិភពលោកឆ្នាំ២០២១ ដែលជាសារមួយរំឮកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ និងបង្ហាញដល់យុវវ័យក៍ដូចជាសាធារណៈជនទាំងឡាយឱ្យមានការប្រុងប្រយ័ត្ននូវជំងឺឆ្លងHIVS និងជំងឺឆ្លងរាត្បាតដទៃទៀត ខណៈដែលពិភពលោកព្រួយបារម្ភនឹងជំងឺឆ្លងទាំងនេះ ។
ទិវានេះ ធ្វើឡើងនៅតំបន់ទេសចរណ៍ខេត្ដសៀមរាប ក្រោមអធិតីយភាពលោក ពិន ប្រាកដ អភិបានរងខេត្ដសៀមរាប និងមានអ្នកចូលរួមជាងមួយរយនាក់មកពីតាមស្ថាប័នអង្គការផ្សេងៗទៀត ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ីនៃអង្គការ AHF បានថ្លែងថា «វិបត្តកូវីដ១៩ គឺជាការដាស់តឿនដ៏ធ្ងន់ធ្ងរមួយ សម្រាប់ពិភពលោក ជាពិសេសនៅទូទាំងតំបន់អាស៊ី ដែលមនុស្សនៅតាមប្រទេសជាច្រើន មិនសូវមានឱកាសទទួលបានការចាក់វ៉ាក់សាំងបាត់បង់ការងារ និងកំពុងទទួលរងអសន្តិសុខស្បៀង។
វិធានការបិទខ្ទប់តឹងរ៉ឹង ក៏បានជះផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ រួមមានការបង្កជាឧបសគ្គ ដល់សមត្ថភាពរបស់តំបន់អាស៊ីក្នុងការឆ្លើយតបចំពោះវិបត្តិជំងឺអេដស៍ និងគំរាមកំហែង ចំពោះវឌ្ឍនភាពដែលសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ»។លោក បានបន្តថា «ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ផ្តល់ឲ្យយើងនូវឱកាសដើម្បីឆ្លុះបញ្ចាំងឡើងវិញចំពោះវឌ្ឍនភាពនោះ ហើយក្រើនរំលឹក អ្នករាល់គ្នាថា មនុស្សរាប់លាននាក់ ជាពិសេសបុគ្គលងាយរងគ្រោះ នៅតែមិនទាន់មានឱកាសទទួលបានឱសថសង្រ្គោះជីវិតពួកគេនៅឡើយទេ។
ទោះបីបច្ចុប្បន្នកូវីដ១៩ កំពុងនៅបន្តជាវិបត្តិជំងឺឆ្លងដ៏ធំមួយ ក៏ដោយ ក៍មេដឹកនាំពិភពលោក ត្រូវតែបន្តព្យាយាមប្រឹងប្រែងឲ្យខ្លាំងថែមទៀត ដើម្បីបញ្ចប់វិបត្តិជំងឺអេដស៍ផងដែរ។លោកបានបន្ថែមថា មូលនិធិថែទាំសុខភាពអេដស៍ (AIDS Healthcare Foundation) ហៅកាត់ថា (AHF) បានរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្រោមបាវចនា «ជំងឺអេដស៍និងជំងឺឆ្លងរាតត្បាតដទៃ ដែលប្រធានបទនេះនឹងបន្តបម្រើដល់ការដាស់តឿនថា ទោះជានៅអំឡុង មានការឆ្លងរាតត្បាតCOVID-19ក៏ដោយ ក៏ពិភពលោកនៅតែត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឬ ហ៊ីវ (HIV) ដែលជាជំងឺឆ្លងមួយបានឆ្លងរាលដាលអស់រយៈពេលជាង៣០ឆ្នាំមកហើយនេះ។
លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប លោកមានប្រសាសន៍ថា ការធ្វើយុទ្ធនាការពិភពលោកជំងឺអេដស៍នេះ គឺជាសារដ៍សំខាន់ខ្លាំងណាស់សម្រាប់យុវវ័យ ក៍ដូចជាសាធារណៈជន ព្រោះខេត្ដសៀមរាប ជាតំបន់ទេសចរណ៍ដ៍សំខាន់ ដែលមានអ្នកទេសចរទៅទស្សនាអង្គររាប់លាននាក់ក្នុងមួយឆ្នាំៗ។លោកបានអំពាវនាដល់សាធារណៈជន ភ្ញៀវជាតិនិអន្ដរជាតិឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងHIVS និងជំងឺឆ្លងដទៃទៀតផងដែរ។
បើតាមមូលនិធិ AHF បានបញ្ជាក់ថា «នៅក្នុងបរិបទដែល COVID-19 បានបង្កវិនាសកម្មនៅ ជុំវិញពិភពលោក, ជំងឺដ៏កាចសាហាវមួយត្រូវបានគេចាត់ទុកថាជំងឺស្ថិតនៅជួរមុខដែលត្រូវប្រយុទ្ធប្រឆាំងក្នុងរយៈពេលជិត២ឆ្នាំមកនេះ។ ដូច្នេះហើយទើប ទិវាជំងឺអេដស៍ ពិភពលោកពិតជាមានសារៈសំខាន់ណាស់ក្នុងការក្រើនរំឮកពី «ជំងឺឆ្លងរាតត្បាតដទៃ»។មូលនិធិដដែល បានបន្ដថា អេដស៍ ឬ HIV នៅតែបន្តឆាបយកជីវិតមនុស្សជិត ៧០០,០០០នាក់ ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក ខណៈដែលមេដឹកនាំពិភពលោកមានកាតព្វកិច្ចប្រយុទ្ធប្រឆាំង COVID-19 ។ ជាមួយគ្នានោះ អង្គការ AHF នឹងរៀបចំព្រឹត្តិការណ៍ចម្រុះផ្សេងៗ ទាំងនៅតាមកន្លែងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នៅក្នុងបណ្តាប្រទេសជាសមាជិក ចំនួន ៤៥ប្រទេស។ ព្រឹត្តិការណ៍ទាំងនោះ មានគោលបំណងបង្វែរចំណាប់អារម្មណ៍របស់អន្តរជាតិ ឱ្យងាកទៅរកវិបត្តិជំងឺអេដស៍ ក៏ដូចជាអ្នកផ្ទុក និងអ្នករងការប៉ះពាល់ដោយសារតែជំងឺនេះ នៅទូទាំងសកលលោក។ ខណៈពិភពលោកបន្តព្យាយាមប្រឹងប្រែងបញ្ចប់ឲ្យបាននូវ ជំងឺឆ្លងដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានផ្តាច់ជីវិតមនុស្សសរុបច្រើនជាង ៣៦លាននាក់។
បើតាមស្ថិតិថ្មីៗចុងក្រោយរបស់អង្គការ UNAIDS បានបង្ហាញថា មានមនុស្សប្រមាណ៣៨លាននាក់ នៅជុំវិញពិភពលោក បាននឹងកំពុងរស់នៅជាមួយជំងឺអេដស៍ ខណៈនៅឆ្នាំ២០២០មានមនុស្សរហូតដល់១.៥លាននាក់បានឆ្លងជំងឺនេះ បើទោះបីបច្ចុប្បន្ននេះ មានមនុស្សរាប់លាននាក់ មានឱកាសប្រើប្រាស់ថ្នាំ សង្រ្គោះជីវិត ប្រឆាំងជំងឺនេះក៏ដោយ។
ដោយឡែករបាយការណ៍មួយចេញផ្សាយដោយមូលនិធិសកល Global Fund កាលពីពេលថ្មីៗនេះ បានបង្ហាញថា ជំងឺឆ្លងរាតត្បាត បានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ប្រព័ន្ធ សុខាភិបាល និងការផ្ដល់សេវានានានៅតាមបណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម នៅក្នុងតំបន់អាហ្វ្រិក និងអាស៊ីកាលពីឆ្នាំ២០២០។ ជាក់ស្ដែង ការផ្ដល់ សេវាពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ HIV បានទទួលរងការរំខានដល់ជិត២ភាគ៣ នៃបណ្ដាប្រទេសទាំងនេះ។បន្ថែមពីលើនេះ ការធ្វើរកមេរោគអេដស៍ក៏បានធ្លាក់ចុះ ៤០ភាគរយ ដោយចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ៕