ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការថ្មីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជំនួសឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន
នៅសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំនូវពិធីប្រកាសសេចក្តីសម្រេច”ស្តីពីការទទួលស្គាល់និងកែសម្រួលតួនាទី-ភារកិច្ចសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដោយប្រកាសទទួលស្គាល់ឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខាថ្មី នៅក្នុងអាណត្តិទី៥របស់ខ្លួន ដើម្បីបន្តនិងជំនួសឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អតីតប្រធានចាស់ដែលត្រូវប្រកាសកែសម្រួលតួនាទីនិងភារកិច្ចថ្មី ជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តវិញ។ តាមរយៈនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ក្រោមវត្តមានជាអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងវត្តមាន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្ត ព្រមទាំងវត្តមានលោកជំទាវអគ្គលេខាធិការងកក្រក គណៈកម្មាធិការសាខា អនុសាខាក្រុង-ស្រុក បណ្តាស្ថាប័នមន្ទីរអង្គភាពក្រុមប្រតិបត្តិសាខានិងតំណាងយុវជនកាកបាទក្រហមខេត្ត សរុបចំនួន ១២៧នាក់។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សកម្មភាពរបស់ កក្រកខេត្ត និងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២១ និងអំណា នសេចក្តីសម្រេចស្តីពីការទទួលស្គាល់កែសម្រួលតួនាទីនិងប្រគល់ភារកិច្ចជូនថ្មីឯកឧត្តម សុខលូ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជំនួសឯកឧត្តមបណ្ឌិត ប៊ុតគឹមស៊ាន ដែលត្រូវទទួលមុខនាទីនិងភារកិច្ចថ្មី ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា កក្រក.ខេត្តអាណត្តិទី៥ វិញ ។
ដើម្បីតបស្នងនូវការដឹងគុណ ឆ្លើយតបនឹងការផ្តល់ នូវ ទំនុកចិត្តពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តថ្មី និងបានធ្វើការប្ដេជ្ញាចិត្តដោយគោរពអនុវត្តនិងប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីបំពេញយ៉ាងសកម្ម នូវភារកិច្ចមនុស្សធម៌ និងរក្សាធ្លុងសាមគ្គីភាពនៅក្នុងជួរគណៈកម្មាធិការសាខាខេត្ត ក្នុងការជម្រុញនិងដឹកនាំតម្រង់ទិស ដល់ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនិងបំពេញនូវតួនាទី ភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និង ទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមដោយស្មារីទទួលខុសត្រូវខ្ពស់។ជាពិសេស ក្នុងការបង្កើន នូវគំនិតក្នុងការកៀងគរ ស្វះស្វែតរកមូលនិធិ ពីគ្រប់ស្រទាប់ និងពីគ្រប់មជ្ឈដ្ឋាននូវក្នុងបុព្វហេតុ និងដើម្បីមនុស្សធម៌ដើម្បីរួមចំណែកកាត់បន្ថយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងជនងាយរងគ្រោះ។
ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី -ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដើម្បីផ្ញើជូនដល់អង្គពិធីទាំងមូល និងបានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកន្លងមក ក្នុងភាពសកម្មភាពរបស់ខ្លួនដើម្បីបុព្វហេតុមនុស្សធម៌របស់ខ្លួន ដោយគ្មានការរើសអើងនិងប្រកាន់និន្នាការអ្វីឡើយ។ ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែបានឆ្លើយតបបានទាន់ពេលវេលាដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះនៅក្នុងមូលដ្ឋានជិតឆ្ងាយរបស់ខ្លួន។
លោកជំទាវ ក៏បានផ្តល់នូវការណែនាំតម្រង់ទិសបន្ថែមដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងថ្មី ដែលមាន ឯកឧត្តម សុខ លូ ជាប្រធាន សូមបន្តនិងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយទ្រទ្រង់ដល់សាខា ក្នុងការពង្រឹងនូវភាពជាម្ចាស់លើគ្រប់វិស័យការងារ និងថើម្បីបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់តាមស្ថាប័ន មន្ទីរអង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ ឱ្យបានកាន់តែប្រសើរជាងមុន នូវក្នុងការបន្តដឹកនាំសាខា កក្រក.ខេត្ត ក្នុងអាណត្តិទី៥។
ព្រមជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ប័ណ្ណសសើរជូនឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អតីតប្រធានគណៈកម្មាធិការសាខា ដែលមានស្នាដៃល្អប្រសើរក្នុងការអភិបាលដឹកនាំគ្រប់គ្រងនិងអភិវឌ្ឍសាខា-អនុសាខាក្នុងតួនាទីជាប្រធានគណៈកម្មាធិការសាខាចាប់តាំងពីឆ្នាំ២០០៥រហូតដល់ខែតុលាឆ្នាំ២០២១៕ ( អត្ថបទ-រូបភាព៖អ៊ុក សំអាន បប )