អតីតនាយករដ្ឋមន្រ្តីជប៉ុន៖ ជប៉ុន-សហរដ្ឋអាមេរិកមិនអាចឈរនៅស្ងៀមឡើយ ប្រសិនបើចិនវាយប្រហារលើកោះតៃវ៉ាន់
តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានគូសបញ្ជាក់ថា ប្រទេសរបស់លោក និងសហរដ្ឋអាមេរិកមិនគួរឈរនៅស្ងៀមនោះឡើយ ប្រសិនបើចិនធ្វើការវាយប្រហារលើកោះតៃវ៉ាន់ ហើយទីក្រុងប៉េកាំងត្រូវតែយល់ច្បាស់ពីបញ្ហានេះ។
ភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់បានកើនឡើង ស្របពេលដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្យាយាមអះអាងពីការទាមទារអធិបតេយ្យភាពរបស់ប្រទេសលោកប្រឆាំងនឹងកោះនេះ។ ជាការឆ្លើយតបនោះ រដ្ឋាភិបាលតៃវ៉ាន់និយាយថា ខ្លួនចង់បានសន្តិភាព ប៉ុន្តែនឹងការពារខ្លួនប្រសិនបើចាំបាច់។ លោក អាបេ បានថ្លែងតាមរយៈប្រព័ន្ធវីដេអូទៅកាន់វេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងដោយវិទ្យាស្ថាននយោបាយរបស់តៃវ៉ាន់ថា ប្រជុំកោះសិនកាគុ (Senkaku) (ចិនហៅថា តៅយុ-Diaoyu) ស្ថិតនៅកៀកកោះតៃវ៉ាន់ ហើយក្នុងនោះដែនកោះ សាគិស៊ីម៉ា (Sakishima) និង យ៉ូណាហ្គូនិ (Yonaguni) មានចម្ងាយតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះពីដែនដីតៃវ៉ាន់។ លោក អាបេ បន្តថា ការវាយប្រហារណាមួយទៅលើកោះតៃវ៉ាន់ ក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់ជប៉ុនផងដែរ។
លោក អាបេ បានសង្កត់ធ្ងន់ថា គ្រាអាសន្នរបស់តៃវ៉ាន់ គឺជាគ្រាអាសន្នរបស់ជប៉ុន ហើយក៏ជាគ្រាអាសន្នសម្រាប់សម្ព័ន្ធភាពរវាងជប៉ុន-អាមេរិកផងដែរ។ ដូច្នេះប្រជាជននៅទីក្រុងប៉េកាំង ជាពិសេសលោកប្រធានាធិបតី ស៊ី មិនគួរមានការយល់ច្រឡំក្នុងបញ្ហានេះឡើយ។ ជប៉ុនគឺជាទីតាំងមូលដ្ឋានយោធាដ៏ធំរបស់អាមេរិក ក្នុងនោះភាគខាងត្បូងកោះ អូគីណាវ៉ា នឹងដើរតួយ៉ាងសំខាន់ ប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើសការពារតៃវ៉ាន់ ក្នុងករណីដែលចិនបើកការវាយប្រហារ៕ ប្រភព៖ CNA