លោក វ៉្លាឌីមៀ ពូទីន៖ រុស្ស៊ីពេញចិត្តនឹងទំនាក់ទំនងអន្តររដ្ឋកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកជាមួយចិន
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅឯវេទិកាវិនិយោគ “Russia Calling” ថា ប្រទេសរបស់លោកពេញចិត្តនឹងទំនាក់ទំនងអន្តររដ្ឋកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកជាមួយប្រទេសចិន។
នាឱកាសនោះដែរ លោក ពូទីន បានគូសបញ្ជាក់ថា ក្នុងពេលជាមួយគ្នានេះ យើងតែងតែគោរពផលប្រយោជន៍របស់ដៃគូរបស់យើងក្នុងឆាកអន្តរជាតិ ហើយពេញចិត្តចំពោះវានៅពេលដែលពួកគេប្រព្រឹត្តចំពោះយើងដូចគ្នា។ ចិនបានចាត់ទុកយើងតាមរបៀបដូចគ្នា។ ងាកទៅរកការអភិវឌ្ឍន៍របស់ប្រទេសចិន លោក ពូទីន ថ្លែងថា ប្រទេសនេះកំពុងរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយនេះគឺជាដំណើរការធម្មជាតិដែលមិនគួរត្រូវបានទប់ស្កាត់។ ការរឹតបន្តឹង និងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិនក្នុងបរិបទនេះ គឺ “អយុត្តិធម៌” និងផ្ទុយនឹងបទដ្ឋាននៃច្បាប់អន្តរជាតិ។ នៅពេលសួរអំពីសក្ដានុពលយោធារបស់ចិន លោក ពូទីន បាននិយាយថា ចិនមានសិទ្ធិការពារខ្លួនឯង។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ទៀតថា ទីក្រុងមូស្គូមិនមើលឃើញថានេះគឺជាការគំរាមកំហែងនោះទេ ហើយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាកត្តាសំខាន់ដែលរួមចំណែកដល់ស្ថិរភាពពិភពលោក។ លោក ពូទីន បន្ថែមទៀតថា យើងពេញចិត្តនឹងកម្រិតនៃទំនាក់ទំនងរបស់យើង យើងគិតថា ពួកគេអាចកាន់តែស៊ីជម្រៅ មានអត្ថន័យ និងនាំទៅរកផលវិជ្ជមានទាំង សម្រាប់ប្រជាជនចិន និងសម្រាប់ប្រជាជនរុស្ស៊ី៕ ប្រភព៖ CGTN


