បុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បត់ត្រឡប់ក្រោយមិនប្រយ័ត្នប៉ះម៉ូតូដួល បណ្តាលឱ្យបុរសម្នាក់រងរបួសស្រាល
ភ្នំពេញ ៖ បុរសម្នាក់ បើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បត់ត្រឡប់ក្រោយ មិនប្រុងប្រយ័ត្នប៉ះម៉ូតូស្កុបពីរដួល បណ្តាលឱ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GX-0939 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ មុខព្រួញក្បាលនាគទ្រូងផ្លូវ ក៏ស្រាប់តែបត់ត្រឡប់ក្រោយវិញ មិនមានការប្រុងប្រយ័ត្នទៅប៉ះម៉ូតូម៉ាកស្កុប ពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FZ-6664 បើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅស្របទិសគ្នាដួល បណ្ដាលឱ្យម្ចាស់ម៉ូតូម៉ាកស្កុបពីររងរបួសស្រាលបែកម្រាមដៃកណ្ដាល។ រីឯ ម៉ូតូកង់បីឥណ្ឌា រួមទាំងម៉ូតូម៉ាកស្កុបពីរវិញ គឺរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការគូសវាសយកម៉ូតូផាសស្អាប់ និងម៉ូតូម៉ាកស្កុបពីរយកមកដាក់អៀបកៀនខាងសិនកុំឱ្យមានការកកស្ទះចរាចរ ទើបឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា តែម្ចាស់ភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវរ៉ូវ សមត្ថកិច្ចមូលដ្ឋាន ក៏ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកប្រចាំការនៅខណ្ឌចំការមន ឱ្យចុះមកធ្វើការវាស់វែងយកម៉ូតូផាសស្អាប់ និងម៉ូតូម៉ាកស្កុបពីរយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត