វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស ប្រជុំពិនិត្យសម្រេចផែនការសកម្មភាពឆ្នាំ២០២២
ដីឥដ្ឋ៖ នៅរសៀលថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេសនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្ដាចារ្យ ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកនាយក លោកនាយករង នាយការិយាល័យ ប្រធានដេប៉ាតឺម៉ង់ និងមន្ត្រីចំណុះវិទ្យាស្ថាន។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សាស្ដាចារ្យ ប្រធានអង្គប្រជុំ បានសម្តែងនូវការស្វាគមន៍និងបានអនុញ្ញាតឱ្យនាយការិយាល័យរដ្ឋបាល សរុបអានសេចក្ដីព្រាងផែនការសកម្មភាពឆ្នាំ២០២២ របស់វិទ្យាស្ថាន។
បន្ទាប់ពីបានត្រួតពិនិត្យដោយយកចិត្តទុកដាក់និងមានការចូលរួមជាមតិយោបល់ពីថ្នាក់ដឹកនាំនិងការិយាល័យចំណុះវិទ្យាស្ថានរួចមក អង្គប្រជុំ បានសម្រេច និងឯកភាពទាំងស្រុងលើផែនការសកម្មភាពឆ្នាំ២០២២ របស់វិទ្យាស្ថាន ដែលមានគោលដៅចំនួន២ យុទ្ធសាស្ដ្រចំនួន៥ ចង្កោមសកម្មភាពចំនួន១២ និងសកម្មភាពចំនួន៣៥។
ជាចុងបញ្ចប់ ឯកឧត្តម សាស្ដាចារ្យ ប្រធានអង្គប្រជុំ បានមានមតិណែនាំមួយចំនួន ដូចខាងក្រោម៖
- ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារដែលបានដាក់ចេញនៅក្នុងផែនការសកម្មភាពឆ្នាំ២០២២ ឱ្យបានជោគជ័យ
- ត្រូវយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញ ឱ្យកាន់តែប្រសើរបន្ថែមទៀត
- ត្រូវរៀបចំកម្រងរូបភាពសកម្មភាពការងារ និងសកម្មភាពបណ្ដុះបណ្ដាល ក្នុងការអនុវត្តផែនការសកម្មភាពឆ្នាំ២០២២
- ស្នើឱ្យគ្រប់ការិយាល័យចំណុះទាំងអស់ ត្រូវមានការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួន
- សហការគ្នាធ្វើការជាក្រុមនិងមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕ដោយ-រ៉ាវុធ