សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកជំទាវ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ រីណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព ។ នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូ ហើយសម្ដេច ក៏បានលើកនូវចំណុចមួយចំនួនពាក់ព័ន្ធទៅនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការងារអាស៊ាន ដែលជាកិច្ចការងារសំខាន់ៗរវាងប្រទេសទាំងពីរ កម្ពុជានិងឥណ្ឌូនេស៊ី។
លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅឆ្នាំ២០២២ ខាងមុខនេះ ជាឆ្នាំសំខាន់ ដោយសារកម្ពុជា ធ្វើជាប្រធានអាស៊ាន ហើយឥណ្ឌូណេស៊ី ជាប្រធាននៃក្រុមប្រទេស២០ ដូច្នេះទស្សនកិច្ចរបស់លោកជំទាវលើកនេះ គឺដើម្បីពង្រឹងកិច្ចសហការទ្វេភាគីផង និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងរវាងកម្ពុជា និងអាស៊ាន។ ចំពោះការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ខាងមុខនេះ លោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានវ្រកាដគាំទ្រកម្ពុជា ១០០០%។
សម្តេចតេជោ បានថ្លែងអំណរគុណនូវការនាំមកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ហើយសម្ដេចក៏បានអរគុណចំពោះការគាំទ្រពេញទំហឹងសម្រាប់កម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។ សម្ដេចក៏បានបញ្ជាក់ផងដែរនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី ដែលមានលក្ខណៈល្អប្រសើរ ហើយសម្ដេច ក៏ចង់ឃើញមានការបើកជើងហោះហើរឡើងវិញរវាងប្រទេសទាំងពីរ ដោយសារស្ថានភាពកូវីដ មានការល្អប្រសើរ ហើយការបើកការហោះហើរឡើងវិញនេះ គឺជារឿងសំខាន់ ដោយស្ថានភាពនៅឥណ្ឌូនេស៊ី ក៏មានស្ថានភាពល្អប្រសើរដែរ ហើយកម្ពុជា សូមអបអរសាទរ និងកោតសរសើរដល់ឥណ្ឌូណេស៊ី ដែលមានការធ្លាក់ចុះនៃការឆ្លងកូវីដ19 នេះ រហូតនៅត្រឹមតែ២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងប្រជាជនឥណ្ឌូនេស៊ីដ៏ច្រើនជាង ៣០០លាននាក់នោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីកិច្ចសហការដែលកម្ពុជា ធ្លាប់មានជាមួយឥណ្ឌូនេស៊ីកន្លងមក ជាពិសេសថ្លែងអំណរគុណឥណ្ឌូនេស៊ី ចំពោះការចូលរួមនៅក្នុងដំណើរការនៃការស្វែងរកសុខសន្តិភាពនៅប្រទេសកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ៨០ និង៩០ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវផងដែរ ដោយត្រូវបន្តកិច្ចសហការលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ជាពិសេស ក្នុងក្របខ័ណ្ឌទ្វេរភាគីផង និងក្របខណ្ឌអាស៊ានផង។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរពីជំនួយរបស់កម្ពុជាជូនប្រទេសឡាវនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវី19 នេះ ហើយសម្តេចបានមានប្រសាសន៍ថា ចំពោះក្របខ័ណ្ឌអាស៊ាន ដែលកម្ពុជាជាប្រធាននេះ គឺគាំទ្រដល់ប្រទេសឡាវដោយផ្ដល់វ៉ាក់សាំង covid 19 ដល់ប្រទេសឡាវ ខណៈដែលប្រទេសឡាវកំពុងមានការឆ្លងច្រើន។
សម្ដេចបញ្ជាក់ថា នៅកម្ពុជា មានការចាក់វ៉ាក់សាំងចំនួន ៨៨ភាគរយនៃប្រជាពលរដ្ឋ ១៦លាននាក់ ដូច្នេះជាប្រទេសមួយដែលមានអត្រាការចាក់វ៉ាក់សាំងនេះខ្ពស់ក្នុងចំណោមប្រទេសទាំងឡាយក្នុងពិភពលោក។
សម្ដេចក៏បានលើកអំពីការងារអាស៊ានមួយចំនួនដែរជាពិសេស ពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ខាងមុខនេះ ដោយសម្ដេចបានគូសបញ្ជាក់អំពីការជំរុញការកសាងសហគមន៍អាស៊ាន ការពង្រឹងអាស៊ាន ជាពិសេសទៀត គឺក្នុងក្របខណ្ឌអាស៊ាននេះ សម្ដេចបានលើកឡើងអំពីការបន្តផ្ដល់អាទិភាពក្នុងការប្រយុទ្ធប្រឆាំងកូវីដ19 នេះ ហើយនឹងធ្វើយ៉ាងណា ជម្រុញឱ្យបណ្ដាប្រទេសអាស៊ាន បើកការតភ្ជាប់ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងកូវីដ19 នៅលើវិស័យសុខាភិបាលនេះ។
សម្ដេចក៏បានគូសបញ្ជាក់ផងដែរពីគោលជំហររបស់កម្ពុជា ក្នុងការគាំទ្រដល់ប្រទេសទីម័រខាងកើត ដែលជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមិនទាន់បានចូលជាសមាជិកអាស៊ានពេញលេញនៅឡើយ, សម្ដេចបញ្ជាក់ថា កម្ពុជា គាំទ្រទីម័រខាងកើតឲ្យចូលជាសមាជិកអាស៊ាន ឲ្យបានឆាប់នៅពេលខាងមុខនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់ឥណ្ឌូនេស៊ីនៅក្នុងក្របខណ្ឌអាស៊ានរួមទាំងទស្សនទាន ជាពិសេស អនុវត្តទស្សនទានឥណ្ឌូប៉ាស៊ីហ្វិកនេះ ហើយសម្ដេចក៏បានគូសបញ្ជាក់ដែរថា ចំពោះទស្សនទាននៅក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិកនេះ គឺធ្វើយ៉ាងណាឱ្យមានគោលដៅគាំទ្រ គោលដៅសន្តិភាព និងការអភិវឌ្ឍគោលដៅ ធ្វើយ៉ាងណាកុំអោយមានការប្រឆាំងនឹងប្រទេសណាក្នុងតំបន់នេះហើយសំខាន់ជាងនេះទៅទៀត គឺគាំទ្រតួនាទីស្នូលរវាងមជ្ឈភាពអាស៊ាននៅក្នុងតំបន់នេះផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរពីបញ្ហាផ្សេងទៀត ជាពិសេស គឺការជំរុញការចរចានូវក្រមប្រតិបត្តិ ស៉ីអូស៉ី ដោយសារឆ្នាំក្រោយ ជាឆ្នាំខួបលើកទី ២០ នៃ ឌីអូស៉ី ដែលអាស៊ាននិងចិន នឹងប្រារព្ធនៅឆ្នាំក្រោយនេះ ដូច្នេះការជំរុញធ្វើយ៉ាងណា ឲ្យចេញនៃស៊ីអូស៊ីនេះ នៅពេលវេលាសមស្របដែលអាចធ្វើទៅបាន។ សម្តេចតេជោក៏បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងសភាពការណ៍នៅមីយ៉ាន់ម៉ា និងចំណុចផ្សេងៗទៀតផងដែរ ជាពិសេស ពាក់ព័ន្ធនឹងសភាពការណ៏ក្នុងតំបន់ដែលជាការងារអាស៊ានដែលត្រូវយកចិត្តទុកដាក់។
លោកជំទាវរដ្ឋមន្ត្រីការបរទេស បានឆ្លើយតបដែរថា ទី១- លោកជំទាវ ពិតជាមានការរីករាយចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជាជាមួយឥណ្ឌូនេស៊ី ជាពិសេស ការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរឡើងវិញ ជារឿងសំខាន់ចំពោះកូវីដ19 វិញ។ លោកជំទាវបានកោតសរសើរដល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកម្ពុជា ដែលមានអត្រានៃការចាក់វ៉ាក់សាំង 88% នេះ គឺលោកជំទាវចាត់ទុកថា ខ្ពស់មែនទែន ហើយលោកជំទាវបានជម្រាបជូនសម្ដេចផងដែរអំពីស្ថានភាពកូវីត19 នឹងការចាក់វ៉ាក់សាំងនៅប្រទេសឥណ្ឌូនេស៊ីថា ដោយសារប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយដែលប្រជុំដោយបណ្ដាកោះទាំងឡាយដូច្នេះយុទ្ធនាការចាក់វ៉ាក់សាំងជាការលំបាក តែទោះជាយ៉ាងណាក៏ដោយ ឥណ្ឌូនេស៊ី បានប្រយុទ្ធប្រឆាំងជោគជ័យ ធ្វើឲ្យអត្រានៃការឆ្លងមានការធ្លាក់ចុះដល់កម្រិតទសបបំផុត។
ចំណុចមួយទៀត លោកជំទាវបានលើកពាក់ព័ន្ធនិងជំនួយដល់ប្រទេសឡាវ ហើយជំនួយនេះ លោកជំទាវបានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលកម្ពុជាបានយកចិត្តទុកដាក់ផ្ដល់ទៅជំនួយដល់ប្រទេសឡាវ ដោយលោកជំទាវមានប្រសាសន៍ថា ឥណ្ឌូនេស៊ី ក៏នឹងជួយប្រទេសឡាវផងដែរនៅពេលខាងមុខនេះ។ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីផ្សេងទៀត គឺពាក់ព័ន្ធនឹងលើវិស័យកសិកម្ម សុខាភិបាល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ លោកជំទាវស្នើធ្វើយ៉ាងម៉េច ឱ្យប្រទេសយើងទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះជាពិសេស លើវិស័យកសិកម្មតែម្ដង។
ទាក់ទងនឹងប្រទេសទីម័រខាងកើត លោកជំទាវមានប្រសាសន៍ថា ឥណ្ឌូនេស៊ី គាំទ្រលើការធ្វើយ៉ាងណាឱ្យប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ហើយឥណ្ឌូនេស៊ី គឺគាំទ្រតាំងពីដើមដំបូងមកម្ល៉េះ ហើយក៏បានចូលរួមចំណែកកសាងផងដែរក្នុងការសមាសភាពមន្ត្រីពីប្រទេសទីម័រខាងកើតនេះ។
ចំពោះទស្សនទានអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក ឥណ្ឌូនេស៊ីគាំទ្រ និងឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកអំពីទស្សនៈ ៣សំខាន់ៗ ហើយលោកជំទាវ បានគូសបញ្ជាក់ថា នេះគឺជាស្នូល ជារឿងសំខាន់នៃអាស៊ាន ជាពិសេស ធ្វើយ៉ាងណាឲ្យអាស៊ានបន្តដើរតួនាទីស្នូល ហើយឥណ្ឌូនេស៊ី និងសហការជាមួយកម្ពុជា ក្នុងការរៀបចំនូវផែនការសកម្មភាពជាពិសេស ធ្វើយ៉ាងណាអាចអនុវត្តទស្សនទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិកនេះ។
លោកជំទាវបានគូសបញ្ជាក់ផងដែរថា លោកជំទាវឯកភាពជាមួយនឹងសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាពិសេស លើការងារអាទិភាពរបស់អាស៊ាន នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេស ការប្រយុទ្ធប្រឆាំងជំងឺកូវី19 ហើយនិងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាស៊ាន អាចធ្វើដំណើរឡើងវិញនៅក្នុងតំបន់អាស៊ាន ជាពិសេស គឺការតភ្ជាប់តែម្ដង។
ចំពោះចំណុចផ្សេងទៀត លោកជំទាវ ក៏បានមានប្រសាសន៍គាំទ្រផងដែរ ជាពិសេស ទស្សនៈរបស់សម្ដេច ចំពោះសភាពការណ៍នៅមីយ៉ាន់ម៉ា ហើយលោកជំទាវ បានបញ្ជាក់ និងកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេស នៅពេលសម្ដេចចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សាកាតា កាលពីខែមេសា ដោយពេលនោះ មានជំនួបមេដឹកនាំអាស៊ាន ដោយសម្ដេចបានចែករំលែកនូវបទពិសោធន៍របស់កម្ពុជា ក្នុងការចរចាស្វែងរកសន្តិភាព ជាពិសេសទៀត គឺការបង្រួបបង្រួមជាតិ ដែលជាបទពិសោធន៍ដ៏ល្អក្នុងការចែករំលែកជាមួយនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាននេះ។
ជារួម ការពិភាក្សានៅព្រឹកនេះ មានផ្លែការជាច្រើនដូចជា៖ ទី១- ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា ជាមួយនិងឥណ្ឌូនេស៊ី, ទី២-គឺជំរុញកិច្ចសហការរវាងកម្ពុជានិងឥណ្ឌូនេស៊ី ទៅលើការងារអាស៊ាន ដែលជាការងារស្នូលមួយផងដែរសម្រាប់ប្រទេសកម្ពុជា នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ ខាងមុខនេះ ។ ជាចុងក្រោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើទៅលោកជំទាវ នូវការសួរសុខទុក្ខដល់ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ ៕ ដោយ វណ្ណលុក