អតីតកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានជាង ១០០នាក់ស្លាប់ ឬបំបាត់ខ្លួន ដោយតាលីបង់

អតីត​សមាជិក​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ច្រើន​ជាង​ ១០០ នាក់​នៅ​ខេត្ត​ចំនួន​ ៤ គឺ​ត្រូវ​បាន​សម្លាប់​ ឬ​បំបាត់​ខ្លួន​ដោយ​ក្រុម​តាលីបង់​ ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លះ​ដំបូង​នៃ​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​នេះ​ នេះ​បើ​តាម​ការ​លើក​ឡើង​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធ​មនុស្ស Human Right Watch​។

ករណី​សម្លាប់​ទាំង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ឃាត​ ឬ​ការ​ប្រហារ​ជីវិត​ដោយ​គ្មាន​ការ​កាត់​ក្ដី​ ដែល​ភាគ​ច្រើន​ជា​ការ​សម្លាប់​សងសឹក​កំពុង​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​បន្ទាប់​ពី​ដួល​រលំ​របស់​រដ្ឋាភិបាល​លោក​អាស្រ៉ាហ្វ ហ្គានី​ កាល​ពី​ខែ​សីហា​។

ក្រៅ​ពី​កង​កម្លាំង​សន្តិសុខ​នៃ​របប​មុន​ សកម្មជន និង​អ្នក​រិះគន់​ប្រឆាំង​តាលីបង់​ក៏​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​ផង​ដែរ​ បើ​ទោះ​បី​ជា​ក្រុម​តាលីបង់​បាន​ធ្វើ​ការ​សន្យា​ផ្ដល់​ការ​លើកលែង​ទោស​ទៅ​ឱ្យ​មន្ត្រី​ និង​ទាហាន​របស់​រដ្ឋាភិបាល​មុន​ក៏​ដោយ​។

ក្នុង​របាយការណ៍​ចុះផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ទី​៣០ វិច្ឆិកា​ Human Right Watch បាន​លើក​ឡើង​អំពី​ការ​សម្លាប់ ឬ​ការ​បំបាត់​ខ្លួន​របស់​ទាហាន​ ៤៧ នាក់​ដែល​បាន​ចុះចាញ់ ឬ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​តាលីបង់​រវាង​ថ្ងៃ​ទី ១៥ ខែ​សីហា និង​ថ្ងៃ​ទី ៣១ ខែ​តុលា​ នៅ​ខេត្ត​ហ្គាសនី ហេលមែន កាណ្ដាហារ ឃុនដូស​។ ការ​ស្រាវជ្រាវ​របស់​ពួកគេ​ក៏​បាន​រក​ឃើញ​ថា​តាលីបង់​គឺ​នៅ​ពី​ក្រោយ​សម្លាប់​ទាហាន​ ៥៣​ នាក់​ផ្សេង​ទៀ​នៅ​ខេត្ត​ទាំង​បួន​ដដែល​។

«ការ​សន្យា​លើកលែង​ទោស​របស់​មេដឹកនាំ​តាលីបង់​ មិន​បាន​បញ្ឈប់​មេបញ្ជាការ​មូលដ្ឋាន​របស់​ពួកគេ​ធ្វើ​ការ​ប្រហារ​ជីវិត​ដោយ​មិន​កាត់​ក្ដី ឬ​បំបាត់​ខ្លួន​អតីត​សមាជិក​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​នោះ​ទេ​» នាយក​ Human Right Watch​ប្រចាំ​អាស៊ី​លោក​ស្រី​ប៉ាទ្រីសៀ ហ្គោស្មាន​បាន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ «បន្ទុក​គឺ​ស្ថិត​នៅ​លើ​ក្រុម​តាលីបង់ ដើម្បី​បញ្ឈប់​ការ​សម្លាប់​បន្ថែម​ទៀត ចាប់​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ ហើយ​ផ្ដល់​សំណង​ដល់​គ្រួសារ​ជន​រង​គ្រោះ​»​។

តាលីបង់​មាន​ប្រវត្តិ​យូរយារ​ណាស់​មក​ហើយ​ក្នុង​ការ​ធ្វើ​ឃាត​កង​កម្លាំង​សន្តិសុខ និង​មន្ត្រី​នៃ​អតីត​រដ្ឋាភិបាល ព្រម​ទាំង​សកម្មជន អ្នកកាសែត​ មេដឹកនាំ​ និង​ចាស់ព្រឹទ្ធាចារ្យ​នៃ​កុលសម្ព័ន្ធ​ជនជាតិ​ភាគតិច​។ ជា​ពិសេស​ក្នុង​រយៈ​ពេល ១៨​ ខែ​ឈាន​ទៅ​ដល់​ការ​ឡើង​កាន់​អំណាច ក្រុម​តាលីបង់​បាន​ធ្វើ​យុទ្ធនាការ​ធ្វើ​ឃាត​ទៅ​លើ​អ្នកកាសែត បុគ្គលិក​រដ្ឋាភិបាល និង​យោធា និង​មេដឹកនាំ​សង្គម​ស៊ីវិល ប៉ុន្តែ​ពួកគេ​កម្រ​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​ទាំង​នេះ​។

ប៉ុន្តែ​ការ​ធ្វើ​ឃាត និង​ប្រហារ​ជីវិត​នៅ​ពេល​ថ្មី​ៗ​នេះ​ គឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ ព្រោះ​វា​បាន​កើត​ឡើង​នៅ​ពេល​ដែល​ការ​ធានា​ពី​មេដឹកនាំ​តាលីបង់​ជាន់​ខ្ពស់​ថា រដ្ឋាភិបាល​ថ្មី​នឹង​មិន​ស្វែង​រក​ការ​សង​សឹក​ប្រឆាំង​នឹង​សមាជិក​នៃ​អតីត​រដ្ឋាភិបាល និង​យោធា​។

គំនុំ​សងសឹក និង​គំនុំ​ឈាម​លោហិត​បាន​ផ្លាក​សញ្ញា​នៃ​ជម្លោះ​ជាង​បួន​សតវត្ស​ចុង​ក្រោយ​នេះ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ជា​រឿយ​ៗ​បាន​កើត​ឡើង​នៅ​ត្រឹម​ថ្នាក់​មូលដ្ឋាន​ និង​ថ្នាក់​គ្រួសារ​។

អ្នក​នាំ​ពាក្យ​តាលីបង់​មួយ​រូប​ឈ្មោះ​អ៊ីណាមូឡា សាម៉ាន់ហ្គានី​បាន​និយាយ​ថា​សមាជិក​មួយ​ចំនួន​អាច​ធ្វើ​ការ​សងសឹក​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ការ​សម្លាប់​ និង​ការ​បំបាត់​ខ្លួន​គឺ​មិន​មាន​ជា​គោលនយោបាយ​របស់​តាលីបង់​ទេ​ ហើយ​រដ្ឋាភិបាល​គឺ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​ស្វែង​រក​ជន​ល្មើស​ និង​ផ្ដន្ទាទោស​។

ការ​សម្លាប់​ទាំង​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​មេដឹកនាំ​កំពូល​តាលីបង់​មាន​ការ​គ្រប់គ្រង​តិចតួច​ទៅ​លើ​មេបញ្ជាការ​ថ្នាក់​ទាប​ និង​ទាហាន​ថ្មើរ​ជើង​ ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ជឿ​ថា​នៅ​ពី​ក្រោយ​ការ​បំបាត់​ខ្លួន និង​ការ​ប្រហារ​ជីវិត​ទាំង​នេះ​។

យោង​តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន នៅ​ពេល​ដែល​កង​កម្លាំង​ពិសេស​របស់​តាលីបង់ ដែល​គេ​ស្គាល់​ថា​អង្គភាព​ក្រហម បាន​ចូល​ឆែកឆេរ​ផ្ទះ​របស់​ពួកគេ​នៅ​ពាក់​កណ្ដាល​យប់ ក្រោម​លេស​ធ្វើ​ការ​រឹប​អូស​អាវុធ​។ អង្គភាព​ទាំង​នេះ​បាន​ដឹកនាំ​ប្រតិបត្តិការ​ជោគជ័យ​បំផុត​របស់​តាលីបង់​ប្រឆាំង​នឹង​កងកម្លាំង​អន្តរជាតិ​ និង​អតីត​កង​កម្លាំង​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។

កាល​ពី​ខែ​កញ្ញា អត្រា​នៃ​ការ​សម្លាប់​បែប​បាន​កើន​ឡើង​ដល់​កម្រិត​ដ៏​ខ្ពស់​មួយ​ ដែល​ជំរុញ​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្ដីទី​របស់​តាលីបង់​លោក​ម៉ាឡាវី មហាម៉ាត់ យ៉ាកុប ធ្វើ​ការ​ស្ដី​បន្ទោស​បណ្ដា​មេបញ្ជាការ​ក្រោម​ឱវាទ​របស់​លោក​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner