លោកពូទីនដាស់តឿនណាតូកុំឱ្យឆ្លង «ខ្សែបន្ទាត់ក្រហម» នៅអ៊ុយក្រែន ខណៈពេលលោកបង្ហាញមីស៊ីលល្បឿនលឿនរុស្ស៊ី

កាល​ពី​ថ្ងៃ​អង្គារ ទី​៣០ វិច្ឆិកា​នេះ ​ប្រធានាធិបតី​រុស្សី​លោក​វ៉្លាឌិមៀរ ពូទីន​បាន​ព្រមាន​អង្គការ​ណាតូ​កុំ​ឱ្យ​ឆ្លង​«ខ្សែ​បន្ទាត់​ក្រហម» នៅ​អ៊ុយក្រែន​ ដោយ​សង្កត់​ធ្ងន់​ថា​ប្រទេស​របស់​លោក​នឹង​គ្មាន​ជម្រើស​ក្រៅ​ពី​ការ​ធ្វើ​ឆ្លើយ​តប​ ខណៈ​ពេល​ដែល​ធ្វើ​ការ​បង្ហាញ​ប្រព័ន្ធ​មីស៊ីល​ល្បឿន​លឿន​ជំនាន់​ថ្មី​។

លោក​ពូទីន​និយាយ​ថា​ទាហាន ឬ​ប្រព័ន្ធ​មីស៊ីល​ទំនើប​របស់​ណាតូ ដាក់​ពង្រាយ​នៅ​ដែនដី​អ៊ុយក្រែន​អាច​វាយ​ប្រហារ​ក្រុង​មូស្គូ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ហើយ​រុស្សី​ចាត់​ទុក​ការ​ធ្វើ​បែប​នេះ​ជា​អំពើ​ហួសហេតុ​។ អង្គការ​ណាតូ​មិន​ទាន់​ធ្វើ​ការ​ដាក់​ពង្រាយ​បែប​នេះ​នៅ​ឡើយ​ទេ​។

«ប្រសិន​បើ​ប្រព័ន្ធ​វាយ​ប្រហារ​មួយ​ចំនួន​លេច​ឡើង​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​អ៊ុយក្រែន​នោះ ពេល​វេលា​ហោះហើរ​ទៅ​កាន់​ទីក្រុង​មូស្គូ​នឹង​មាន​ពី ៧ ទៅ ១០ នាទី និង ៥ នាទី​ក្នុង​ករណី​អាវុធ​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​ត្រូវ​បាន​ដាក់​ពង្រាយ​។ សាក​ស្រមៃ​មើល​» លោក​ពូទីន​និយាយ​បែប​ហើយ​បន្ត​ទៀត​ថា​៖ «តើ​យើង​ត្រូវ​ធ្វើ​អ្វី​ក្នុង​ស្ថានភាព​បែប​នេះ​? យើង​នឹង​ត្រូវ​បង្កើត​អ្វី​មួយ​ដែល​ស្រដៀង​គ្នា​នឹង​អ្វី​គេ​ប្រើប្រាស់​គំរាម​កំហែង​យើង​។ ហើយ​យើង​អាច​ធ្វើ​វា​បាន​ឥឡូវ​នេះ​»​។

លោក​ពូទីន​បាន​និយាយ​បែប​នេះ​ក្នុង​ការ​បង្ហាញ​ប្រព័ន្ធ​មីស៊ីល​លឿន​ជាង​សំឡេង​ Zicron ដែល​អាច​ហោះ​លឿន​ជាង​ល្បឿន​សំឡេង​រហូត​ទៅ​ដល់​ប្រាំ​បួន​ដង​ ហើយ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កង​ទ័ព​ជើង​ទឹក​រុស្សី​ចាប់​ឆ្នាំ​ ២០២២​ត​ទៅ​។

មីស៊ីល​លឿន​ជាង​សំឡេង​គឺ​រចនា​ឡើង​ដើម្បី​មិន​អាច​បញ្ឈប់​បាន​ដោយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​បច្ចុប្បន្ន​។ ប្រទេស​ចិន រុស្សី​ និង​អាមេរិក​គឺ​កំពុង​ជាប់​ក្នុង​ការ​ប្រកួត​ប្រណាំង​សព្វាវុធ ដើម្បី​អភិវឌ្ឍ និង​ផលិត​មីស៊ីល​ប្រភេទ​នេះ​៕

ប្រភព៖ Business Insider

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner