រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបន្តប្ដឹងអ៊ុងសាន ស៊ូជី ពីបទពុករលួយ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដាក់ពាក្យបណ្ដឹងថ្មីប្រឆាំងនឹងអ្នកស្រី អ៊ុងសាន ស៊ូជី អតីតទីប្រឹក្សារដ្ឋ និងលោក វីន ម្យីន អតីតប្រធានាធិបតីមីយ៉ាន់ម៉ាពីបទល្មើសពុករលួយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ MRTV ដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធា កាលពីថ្ងៃអង្គារកន្លងទៅ។
ក្នុងបទល្មើសថ្មីនេះ ខាងអាជ្ញាធរយោធាចោទអ្នកនយោបាយស៊ីវិលទាំងពីរថា រំលោភអំណាចរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យជួល និងទិញឧទ្ធម្ភាគចក្រ ដោយមិនសមស្របតាមបទបញ្ញត្តិហិរញ្ញវត្ថុរបស់រដ្ឋ។
អ្នកស្រី អ៊ុងសាន ស៊ូជី រងពាក្យបណ្ដឹងជាច្រើនមកហើយ ក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារខែកុម្ភៈកន្លងទៅ ដោយបទល្មើសទាំងនោះរាប់ចាប់តាំងពីបទល្មើសនឹងវិន័យជំងឺកូវីដ-១៩ និងការញុះញង់បង្កចលាចលសាធារណៈ។ យ៉ាងណាក៏ដោយ អ្នកស្រីបានបដិសេធមិនយល់ព្រមទទួលទោសទាំងអស់។
ទាំងខាងយោធា និងខាងមេធាវីរបស់អ្នកស្រី ស៊ូជី មិនទាន់បកស្រាយអំពីករណីនេះលម្អិតនោះទេ៕
ប្រភព៖ Reuters