នាយករដ្ឋមន្ត្រីអ៊ុយក្រែនថា រុស្ស៊ីពិតជានៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលគេសង្ស័យ

​​​នាយករដ្ឋ​មន្ត្រី​អ៊ុយក្រែន​លោក ​Denys Shmygal ​​ចោទ​ប្រកាន់​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ពិត​ជា​នៅ​ពីក្រោយ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​ប៉ុនប៉ង​រៀប​ចំ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​​នៅ​រដ្ឋ​ធានី​កៀវ ​ដោយ​លើក​ឡើង​ពី​ស៊ើបការណ៍​សម្ងាត់​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​​​។​

លោក​ Shmygal ​​និយាយ​ថា​៖​ «​យើង​មាន​ទិន្នន័យ​សម្ងាត់​ដែល​បង្ហាញ​ពី​ចេតនា​ពិសេស​[ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​]​។ ​ពេល​​សួរ​​​ថា​​តើ​​រដ្ឋ​​រុស្ស៊ី​​នៅ​​ពី​ក្រោយ​​​​ឬ​​អត់​ លោក​​ឆ្លើយ​ថា​ពិត​ណាស់​។​ លោក​ក៏​​និយាយ​ផង​ដែរ​ថា​ ការ​ដាក់​យោធា​រុស្ស៊ី​នៅ​តាម​ព្រំដែន​អ៊ុយក្រែន​ ​គឺ​ជា​ផ្នែក​នៃកិ​ច្ច​ខិត​ខំប្រឹ​ង​ប្រែង​របស់​រុស្ស៊ី​កាន់​តែ​ធំ​ដើម្បី​បំបែក​សន្ទុះ​របស់​​អ៊ុយក្រែន​ឆ្ពោះ​ទៅ​រក​ការ​ចូល​រួម​ជាមួយ​សហភាព​អឺរ៉ុប​។​

​លោក​​និយាយ​ថា​ សេចក្តី​ប្រាថ្នា​របស់​អ៊ុយក្រែន​ក្នុង​ការ​ចូល​រួម​ជាមួយ​សហភាព​អឺរ៉ុប​គឺ​ជា​ហេតុផល​ចម្បង​ទប់​ទល់​នឹង​អ្វី​ដែល​លោក​​និយាយ​ថា​គឺ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ ការ​វាយ​ប្រហារ​​កូន​កាត់​ ការ​កសាង​យោធា​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ និង​ការ​បញ្ចូល​ឧបទ្វីប​គ្រីមៀ​ថា​ជាដែ​នដី​របស់​ក្រុង​ម៉ូស្គូ​ក្នុង​ឆ្នាំ​ ២០១៤ ​ជា​ដើម​​។​ ​

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ​លោក​ប្រធានាធិបតី​​ Volodymyr Zelenskiy ​​និយាយ​ថា​ អ៊ុយក្រែន​​រក​ឃើញ​ផែន​ការ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ដោយ​ពាក់ព័ន្ធ​នឹង​បុគ្គល​មកពី​​ប្រ​ទេស​រុស្ស៊ី ​ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា​តើ​ក្រុង​កៀវ​ជឿ​ថា​វិមាន​ក្រឹមឡាំង​នៅ​ពី​ក្រោយ​ផែនការ​ឬ​អត់​នោះ​ទេ​។​

​វិមាន​ក្រឹមឡាំង​​បដិសេធ​ពី​ការ​ពាក់ព័ន្ធ​​ក្នុង​ផែនការ​ធ្វើ​រដ្ឋ​ប្រហារ​ណា​មួយ​ ហើយ​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត​ដែល​គ្មាន​មូលដ្ឋាន​ថា​ខ្លួន​ចង់​ឱ្យ​អ៊ុយក្រែន​ ដែល​ជា​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត​ ធ្លាក់​ក្នុង​អស្ថិរភាព​​​។ ​អ្នក​នាំ​ពាក្យ​វិមាន​លោក​ Dmitry Peskov ​​និយាយ​ថា​៖​ «​រុស្ស៊ី​មិន​មាន​ផែនការ​ចូល​រួម​ណា​ទេ​។​ រុស្ស៊ី​មិន​ដែល​ធ្វើ​រឿង​បែប​នេះ​ទាល់​តែ​សោះ​»​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner