តើនរណាជាកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្តនៅអ៊ូហ្គង់ដា ដែលអាមេរិកចាត់ទុកថាជាអង្គការភេរវកម្ម?

កង​កម្លាំង​ប្រដាប់​អាវុធ​របស់​អ៊ូហ្គង់ដា​​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​បាន​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​រួម​គ្នា​ជាមួយ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ (DRC) ​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​​​កង​កម្លាំង​​ប្រជាធិបតេយ្យ​​សម្ព័ន្ធ​មិត្ត​(ADF)​ដែល​បន្ត​ប្រតិបត្តិការ​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​

​អាជ្ញាធរ​អ៊ូហ្គង់ដា​កន្លង​មក​ បាន​ធ្វើ​ការ​ស្តី​បន្ទោស​ក្រុម​សកម្មប្រយុទ្ធនេះ​​ចំពោះ​​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៣ ​នាក់​កាល​ពី​​​ខែ​វិច្ឆិកា​​ក្នុង​រដ្ឋ​ធានី​កំប៉ាឡា​របស់​ខ្លួន​។​ ADF ​ក៏​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​ច្រើន​នៅ​ភាគ​ខាង​កើត​នៃ​ DRC ​ផង​ដែរ​។​

​​ក្រុម​ប្រដាប់​អាវុធ​ ​ADF ​ដែល​សហរដ្ឋ​អាមេរិក​​ចាត់​ទុក​ថា​ជា​អង្គការ​ភេរវកម្ម​ ត្រូវ​បាន​គេ​ហៅ​ថា​ជា​ក្រុម​ជីវពល​ប្រដាប់​អាវុធ​ដ៏​សាហាវ​បំផុត​ ដែល​ធ្វើ​ប្រតិបត្តិការ​តាម​តំបន់​ភាគ​ខាង​កើត​នៃ​ DRC ​។​ កាល​ពី​ខែ​សីហា​ រដ្ឋាភិបាល​កុងហ្គោ​យល់​ព្រម​អនុញ្ញាត​ឱ្យ​កង​កម្លាំង​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុម​នេះ​។​

​យោង​តាម​ទិន្នន័យ​របស់​ព្រះវិហារ​កាតូលិក​កុងហ្គោ ​ក្រុម ​ADF ​បាន​សម្លាប់​ជន​ស៊ីវិល​ប្រហែល​ ៦ ០០០ ​នាក់​ចាប់​តាំង​ពី​ឆ្នាំ ​២០១៣ ​មក​​។ ក្រុ​ម​អ្នក​ឃ្លាំ​មើល​សុវត្ថិភាព​​ (KST) ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​​និយាយ​ថា​ ក្រុម​នេះ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​មនុស្ស​ជាង​ ១ ២០០ ​នាក់​រាប់​តែ​នៅ​ក្នុង​តំបន់​ Beni​ ​មួយ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧​។​

​ក្រុម​ប្រដាប់​អាវុធ​ ADF ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៥ ​ដោយ​ក្រុម​ចម្រុះ​នៃ​កង​កម្លាំង​ឧទ្ទាម​ រួម​ទាំង​កង​ទ័ព​រំដោះមូស្លីម​អ៊ូហ្គង់ដា​ និង​កង​ទ័ព​ជាតិ​សម្រាប់​ការ​រំដោះ​អ៊ូហ្គង់ដា​ (NALU) ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អ៊ូហ្គង់ដា​ Yoweri Museveni ​។ ​ក្រុម​នេះ​បោះជំរំ​ដំបូង​នៅ​ភាគខា​ង​លិច​ប្រទេស​អ៊ូហ្គង់ដា​ មុន​ពេល​ផ្លាស់​ទី​ទៅ ​DRC ​និង​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ស៊ូដង់​។​

អតីត​មេ​ដឹក​​នាំ​​​ក្រុម​​លោក​ Jamil Mukulu ​ដែល​ពី​មុន​​កាន់​សាសនា​គ្រិស្ត​​ និង​ក្រោយ​មក​ប្តូរ​ទៅ​កាន់​សាសនា​អ៊ិស្លាម​ បាន​​ទទួល​យក​គោល​លទ្ធិ​​ Salafism ​ដែល​ជា​និកាយ​មួយ​​​នៃ​​អ៊ិស្លាម​ស៊ុននី​ ពេល​កំពុង​សិក្សា​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​។​ ​ពេល​ដែល​លោក​​ត្រឡប់​ទៅ​ប្រទេស​អ៊ូហ្គង់ដា​ លោក​ក៏​ចូល​រួម​ជាមួយ​កង​ទ័ព​ NALU ​។​

​​ពេល​មេដឹកនាំ​របស់​កង​ទ័ព​ NALU ​ស្លាប់​នៅ​ឆ្នាំ​ ១៩៩៥ ​លោក ​Mukulu ​ចាត់​ចែង​ក្រុម​ស្រដៀង​គ្នា​នេះ​រួម​ជាមួយ​នឹង​គោលដៅ​រួម​នៃ​ការ​បង្កើត​រដ្ឋ​អ៊ីស្លាម​ និង​បង្កើត ​ADF ​។​ ក្នុង​ដំណើរ​បេសកកម្ម​របស់​ខ្លួន​ ក្រុម​នេះ​ជ្រើស​រើស​កុមារ​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​ឱ្យ​ធ្វើ​ជា​ទាហាន​កុមារ​ និង​​បណ្តុះ​បណ្តាល​​​ឱ្យ​ក្មេង​មួយ​ចំនួន​ក្លាយ​ជា​អ្នក​បំផ្ទុះ​គ្រាប់​បែក​​អត្តឃាត​​​។​​

ជា​ច្រើន​ឆ្នាំ​​ ADF ​​ត្រូវ​បាន​​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​​​គាំទ្រ​ ដោយ​មាន​បំណង​ចង់​បង្វែរ​ឥទ្ធិពល​របស់​អ៊ូហ្គង់ដា​ និង​រ្វាន់ដា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។​ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៣ ​ក្រុម​ប្រដាប់​អាវុធ​ ADF ​​ចាប់​ផ្តើម​វាយ​ប្រហារ​លើ​គោលដៅ​យោធា​កុងហ្គោ​ ដែល​នាំ​ឱ្យ​កងទ័ព​ប្រយុទ្ធ​តប​ត​វិញ​។​ ក្រោយមក​​ លោក​ Mululu ​ក៏​ភៀស​ខ្លួន​ទៅ​ប្រទេស​តង់សានី​ក្នុង​ឆ្នាំ​ ២០១៥ ​ជា​កន្លែង​ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ប្រទេស​កំណើត​របស់​លោក​វិញ​ដើម្បី​កាត់​ទោស​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម​។​

​​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ក្រុម ​ADF​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​ISIS ។ ​ប៉ុន្តែ​ក្រោយ​ការ​កាត់​ទោស​លោក​ Mululu ​ចំនួន​អ្នក​ប្រយុទ្ធ​របស់​ ADF ​​​បាន​ថយ​​ចុះ​មក​ត្រឹម​ពីរ​បី​រយ​នាក់​។​ យ៉ាង​ណា​មិញ​ ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩ ​​ ADF ​ក្រោម​ការ​ដឹក​នាំ​របស់​មេដឹកនាំ​ថ្មី​លោក ​Musa Baluku ​បាន​បង្ហាញ​តួអង្គ​អ៊ិស្លាម​កាន់​តែ​ច្រើន​។​

លោក​ Dino Mahtani ​អ្នក​វិភាគ​នៅ​អង្គការ​​វិបត្តិ​អន្តរជាតិ​​និយាយ​ថា​៖​ «​ជាមួយ​នឹង​ទំនាក់​ទំនង​ថ្មី​ៗ​បន្ថែម​ទៀត​នៃ​បក្ស​ពួក​សំខាន់​របស់​ខ្លួន​ទៅ​នឹង​ ISIS [រដ្ឋអ៊ីស្លាម] ​ជន​បរទេស​មួយ​ចំនួន​មក​ពី​ទូទាំង​ទ្វីប​អាហ្រ្វិក​ខាង​កើត​ដែល​មាន​របៀប​វារៈ​នៃ​ក្រុម​ជីហាដ​និយម​សកល​​កា​ន់​តែ​ច្រើន​ បាន​ចូល​រួម​ជាមួយ​ក្រុម​នេះ​»​។​

ក្នុង​ខែ​មេសា​ឆ្នាំ​ ២០១៩ ​រដ្ឋ​អ៊ិស្លាម​​ចាប់​ផ្តើម​អះអាង​ការ​វាយ​ប្រហារ​ ADF ​មួយ​ចំនួន​នៅ​លើប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ដោយ​ហៅ​ក្រុម​នេះ​ថា​ជា​សាខា​ក្នុង​តំបន់​របស់​ខ្លួន​ គឺ​ខេត្ត​រដ្ឋ​អ៊ិស្លាម​អាហ្រ្វិក​កណ្តាល ​(ISCAP) ​ដែល​លាត​សន្ធឹង​ពី​​សូម៉ាលី​ទៅ​ប្រទេស​ម៉ូហ្សំប៊ិក​ និង​កុងហ្គោ។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner