សម្តេចតេជោ ៖ គំរោងខ្លះ សិក្សាជាង ២ឆ្នាំ នៅតែមិនទាន់ចេញ តែគំរោងមហិច្ចតាដ៏ធំមួយនេះ បានរួចមុនផែនការ
ព្រះសីហនុ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រុងចំនួន ៣៧ខ្សែ អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានប្រសាសន៍ថា ជំនួយបច្ចេកទេស នឹងត្រូវកាត់បន្ថយយ៉ាងច្រើន រឿងនេះពិបាកនិយាយ តែបើមិននិយាយមិនកើត ព្រោះគំរោងខ្លះ សិក្សាជាង ២ឆ្នាំ នៅតែមិនទាន់ចេញ តែគំរោងមហិច្ចតាដ៏ធំមួយនេះ បានរួចមុនផែនការ ខណៈគំរោងខ្លះ គេសិក្សាហើយ គេយកលុយទៅវិញទៀត ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនួយខ្លះ ពិបាកនឹងអនុម័តព្រោះលុយនៅគេ ខ្ញុំទៅស្រែកនៅអង្គការសហប្រជាជាតិ ថា គំរោងមកហើយ ១០០ យកទៅវិញអស់៨០ហើយ ហើយដើម្បីឱ្យពលរដ្ឋគេមកធ្វើការ យើងបានតែតួលេខ លុយនៅលើគេទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ពេលខ្លះ ខ្ញុំតឹងទ្រូងពេក សឹងតែប្រាប់ថា មិនយកតែម្តង អញ្ចឹងហើយបានជាខ្ញុំ ខិតខំសន្សំប្រាក់ ជាមួយក្រសួងសេដ្ឋកិច្ច ដើម្បីធ្វើផ្លូវ អ្វីដែលខ្ញុំចង់ គឺធ្វើបែបនឹងតែម្តង គឺលុយជាតិយើង ត្រូវពុះភ្នំពុះភ្នំ ធ្វើឱ្យលឿនបែបហ្នឹង៕ ដោយ វណ្ណលុក