សម្តេចតេជោ៖ តើត្រូវឱ្យអាស៊ាននៅតែ ៩ ឬក៏១០? តើយើងគួរពង្រឹងផ្ទះខ្លួនឯងឱ្យល្អ ឬក៏ផ្គាប់ចិត្តអ្នកដទៃ?
ព្រះសីហនុ៖ ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេច នឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា។ សម្ដេចតេជោ បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ាន ២០២២ យើងបានចោទសំនួរ តើត្រូវឱ្យអាស៊ាន នៅតែ ៩ ឬក៏១០, តើយើងគួរពង្រឹងផ្ទះខ្លួនឯងឱ្យល្អ ឬក៏ផ្គាប់ចិត្តអ្នកដទៃ?
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឆន្ទះថា ក្នុងនាមជាប្រធានអាស៊ាន ប្រទេស១០ យើងត្រូវតែពង្រឹងគ្នាយើងដែលជាប្រទេសអាស៊ាន ដោយធម្មនុញ្ញអាស៊ាន មិនដេញសមាជិកណាមួយចេញទេ! ដូច្នេះបើផ្ទះយើងសរសរ១០ ហើយបាក់មួយយើងត្រូវតែខំកសាងផ្ទះយើងឱ្យល្អ សរសរ១០ មិនត្រូវផ្គាប់អ្នកណាទេ។ សម្តេចតេជោ បានបង្ហើបថា សម្តេច នឹងអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មកកាន់កម្ពុជា នៅដើមខែធ្នូខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញឆន្ទះថា មួយជីវិតហ៊ុន សែន គឺមានតែការចចារ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ សម្តេចតេជោ ធ្លាប់បានថ្លែងកាលពីពេលកន្លងទៅថា ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា នឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការដែលផ្តោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្តែង ដោយឈរជាមូលដ្ឋានភាពបើកចំហស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនា នៅក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមរួម ដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ ហើយកម្ពុជា នឹងខិតខំធានាឱ្យបាននូវការផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៅក្នុងតំបន់ទាំងមូល ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ៕ ដោយ វណ្ណលុក